នយោបាយ

អ៊ុយក្រែន បង្ហាញបំណងចង់តែងតាំង ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញនូវបំណង ចង់តែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក្នុងពេលឆាប់ៗនេះ ខណៈភាគីទាំងពីរមានជំនឿមុតមាំ ក្នុងការរឹតចំណងមិត្តភាព នឹងគ្នាឱ្យកាន់តែរីកចម្រើនថែមទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា «ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក ឌីមីត្រូ គូលេបា មន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់សាជាថ្មីអំពីចេតនា របស់អ៊ុយក្រែន ក្នុងការតែងតាំងឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ក្នុងពេលឆាប់ៗនេះ ហើយមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើន»។

លោក ឌីមី គូលេបា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះជំហរដ៏រឹងមាំ និងគោលការណ៍ របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យប្រទេស របស់របស់លោកចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេហ៍ (TAC)។

លោករដ្ឋមន្ត្រី ឌីមីតូ គូលេបា បានបញ្ជាក់ថា លោក VolodymyrZelensky អាចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលអនាគត។ លោក ឌីមីតូ គូលេបា ក៏បានបញ្ជាក់សាជាថ្មី អំពីការអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែនផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ អំពីការសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានអះអាងសាជាថ្មី អំពីជំហរជាគោលការណ៍ របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន៕

To Top