ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងរុស្ស៊ី ចាប់ដៃគ្នា ក្នុងកិច្ចព្រមព្រៀងថាមពល ដែលមានតម្លៃរហូតដល់ជិត ៤០ពាន់លានដុល្លារ

តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ក្រសួងរបស់លោកបានចុះហត្ថលេខា ជាមួយកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពលយក្ស របស់រុស្ស៊ី គឺក្រុមហ៊ុន Gazprom ដែលមានតម្លៃជិត 40 ពាន់លានដុល្លារអាមេរិក។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Owji បានឲ្យដឹងថា ភាគីអ៊ីរ៉ង់ នឹងតាមដានវឌ្ឍនភាពនៃកិច្ចព្រមព្រៀង ដែលរួមមានការសាងសង់អគារ LNG នៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជាការអភិវឌ្ឍន៍តំបន់ឧស្ម័នរបស់អ៊ីរ៉ង់ និងបណ្តាញបញ្ជូនឧស្ម័ន។

លោក Owji បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមការដោះដូរប្រេង និងផលិតផលប្រេងជាមួយរុស្ស៊ី ហើយកំពុងពិភាក្សាអំពីលទ្ធភាព នៃការផ្លាស់ប្តូរឧស្ម័នជាមួយរុស្ស៊ី ដោយលោកបានបន្ថែមថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងបែបនេះ អាចត្រូវបានធ្វើឡើងក្នុងរដូវរងារនេះ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកការទូតសេដ្ឋកិច្ចលោក Mehdi Safari បានឲ្យដឹងកាលពីខែតុលាថា ផែនការរបស់អ៊ីរ៉ង់ គឺដើម្បីនាំចូលឧស្ម័នរបស់រុស្ស៊ី ខណៈពេលដែលការនាំចេញឧស្ម័នអ៊ីរ៉ង់ ទៅកាន់ទីផ្សារបរទេស ដោយកត់សម្គាល់ថា សកម្មភាពបែបនេះនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសរបស់លោក ដោយកាត់បន្ថយការចំណាយលើការផ្ទេរឧស្ម័នអ៊ីរ៉ង់ ពីតំបន់ភាគខាងត្បូងរបស់ប្រទេសទៅ ខាងជើង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top