ព័ត៌មានជាតិ

អាមេរិក វាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះលោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន។

សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនលោកចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែន ក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដី គំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។

សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណ ត្រឡប់មកកម្ពុជាវិញ៕

To Top