ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សរុបតួលេខពលរដ្ឋ ជាង១០លាននាក់ កាត់ផ្តាច់ពីអគ្គិសនី ក្រោយការវាយប្រហារចុងក្រោយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជាជាង១០លាននាក់ ត្រូវបានកាត់ផ្តាច់ចេញពីការប្រើប្រាស់ ថាមពលអគ្គិនសី បន្ទាប់ពីការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សី តាមរយៈគ្រាប់មីស៊ីលយ៉ាងច្រើន។

ការថ្លែងការណ៍ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ដែលបានអះអាងទៀតដែរថា ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារចុងក្រោយនេះ
ផងដែរខណៈដែលចំនួន នៃអ្នកស្លាប់អាចនឹងបន្តកើនឡើងនៅឡើយ។

លោក Zelensky បានបន្តថា៖ ពួកយើងកំពុងព្យាយាម ធ្វើឲ្យមានដំណើរការ គ្រប់យ៉ាងល្អប្រសើរឡើងវិញ ទោះបីជានៅតែបន្តធ្វើការការពារប្រទេស ពីការវាយប្រហាររបស់រុស្សីនៅឡើយក្តី។

ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានអះអាងដែរថាបានរារាំងជោគជ័យ ដោយការបាញ់ទំលាក់មីស៊ីលប្រភេទ Cruise missile ចំនួន៦គ្រាប់ ព្រមទាំងយន្តហោះដ្រូនរបស់រុស្សី ចំនួន៥គ្រឿងផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថាការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សីធ្វើឡើង ចំពេលដែលអ៊ុយក្រែនកំពុងបន្តកាន់កាប់ តំបន់មួយចំនួនដែលរុស្សីបានដកកម្លាំងចេញ ប៉ុន្តែបែរជាងាកមកធ្វើការវាយប្រហារ តាមអាកាសវិញសំដៅទីតាំងផលិតថាមពល និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ របស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top