Feature

បទវិភាគ៖ ការលាបពណ៌ពីលោកខាងលិច បិទបាំងកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់ចិន ក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ

បរទេស៖ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ (Telecom and cyber fraud) គឺជាបញ្ហាសកលដែលកំពុងបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជំរុញឱ្យប្រជាជាតិទាំងពីរត្រូវសហការគ្នាក្នុងការអនុវត្តច្បាប់ដើម្បីលុបបំបាត់បញ្ហានេះ។

ជាក់ស្តែង កាលពីខែឧសភា ប៉ូលិសចិន អាមេរិក និងអេមីរ៉ាតអារ៉ាប់រួម បានធ្វើប្រតិបត្តិការរួមគ្នានៅទីក្រុងឌូបៃ (Dubai) ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម នេះបើយោងតាមអត្ថបទ ដែលត្រូវបានសរសេរដោយអនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃសាកលវិទ្យាល័យសិក្សាភាសាបរទេសប៉េកាំង (Beijing Foreign Studies University) ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់របស់អ្នកនិពន្ធ ដែលបានចុះផ្សាយនៅលើសារព័ត៌មាន China Daily។

ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលប្រទេសនានាកំពុងរួបរួមគ្នាបង្ក្រាបបទល្មើសនេះ យុទ្ធនាការលាបពណ៌ប្រឆាំងនឹងប្រទេសចិន បែរជាកំពុងលេចជារូបរាងឡើងនៅក្នុងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៅវិញ។

​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ និងទីភ្នាក់ងារសារព័ត៌មានលោកខាងលិចមួយចំនួន (ដូចជា ទីភ្នាក់ងារសារព័ត៌មាន AP, Reuters និងអង្គការលើកលែងទោសអន្តរជាតិ-Amnesty International ជាដើម) បានចេញផ្សាយរបាយការណ៍ដែលពណ៌នាប្រទេសចិនថាជា “ប្រភពដើមនៃបទល្មើសឆបោកអនឡាញ”។ តាមរយៈការសង្កត់ធ្ងន់ដដែលៗលើពាក្យ “ចិន” និង “ជនជាតិចិន” របាយការណ៍ទាំងនេះបានអូសទាញសាធារណជនឱ្យភ្ជាប់ប្រទេសចិនទៅនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនោះជារូបភាពសកល។

​ជាឧទាហរណ៍ របាយការណ៍ឆ្នាំ ២០២៥ របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានចំណងជើងថា «កម្ពុជា៖ ‘ខ្ញុំគឺជាកម្មសិទ្ធិរបស់អ្នកដទៃ’៖ ទាសភាព ការជួញដូរមនុស្ស និងការធ្វើទារុណកម្ម នៅក្នុងបរិវេណឆបោកនៅកម្ពុជា» បានលើកឡើងពាក្យ “ចិន” ជាង ៥០ ដង និងពាក្យ “ជនជាតិចិន” ជាង ៧០ ដង ដែលការរៀបរាប់បែបនេះបានបង្កើតឱ្យមានការយល់ខុសយ៉ាងធ្ងន់ធ្ងរអំពីប្រភពដើមពិតប្រាកដនៃបញ្ហា។ របាយការណ៍ខ្លះទៀត ដូចជារបស់វិទ្យាស្ថាន Royal United Services Institute (RUSI) ថែមទាំងបានលើកឡើងដោយគ្មានតក្កវិជ្ជាថា គោលនយោបាយប្រឆាំងល្បែងស៊ីសងដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលប៉េកាំងតាំងពីឆ្នាំ ១៩៤៩ គឺជាដើមចហេតុដែលជំរុញឱ្យកន្លែងល្បែង និងការឆបោកកើនឡើងនៅអាស៊ីអាគ្នេយ៍ ដែលនេះគឺជាការបន្ទោសជនរងគ្រោះយ៉ាងច្បាស់ក្រឡែត។

របាយការណ៍ខ្លះបានបន្ទាបតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដោយចោទថាចិនបានបង្ក្រាបតែបណ្តាញតូចតាច តែមិនបានរុះរើបណ្តាញឧក្រិដ្ឋកម្មស្នូលនោះទេ។ ផ្ទុយពីការអះអាងទាំងនេះ តាមការពិត ប្រទេសចិនបានវាយកម្ទេចប្រតិបត្តិការឆបោកធំៗនៅតាមព្រំដែនមីយ៉ាន់ម៉ា លុបបំបាត់ក្រុមសហជីពឧក្រិដ្ឋកម្មធំៗចំនួន ៤ យ៉ាងមានប្រសិទ្ធភាពនៅតំបន់កូកាំង (Kokang) ភាគខាងជើងមីយ៉ាន់ម៉ា និងបានធ្វើបត្យាប័ន ឬបញ្ជូនមេក្លោងសំខាន់ៗ (ដូចជា She Zhijiang, Chen Zhi, Li Xiong និង Liu Ren) មកកាន់ប្រទេសចិនវិញដើម្បីទទួលទោសតាមច្បាប់។

​របាយការណ៍របស់លោកខាងលិច (ដូចជារបាយការណ៍ខែមីនា របស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិន) ក៏បានមើលរំលងទាំងស្រុងនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងទូលំទូលាយរបស់ចិន ជាមួយនឹងប្រទេសជាង ៣០ រួមមាន អាមេរិក អេស្ប៉ាញ អេមីរ៉ាតអារ៉ាប់រួម មីយ៉ាន់ម៉ា កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងស្រីលង្កា។

​ក្នុងពេលជាមួយគ្នានេះ របាយការណ៍ទាំងនោះតែងតែលើកតម្កើងតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោនថាជា “កម្លាំងឈានមុខគេ” ក្នុងការប្រយុទ្ធប្រឆាំងការឆបោកសកល។

ជាក់ស្តែងក្នុងសំណុំរឿង Chen Zhi រដ្ឋាភិបាលអាមេរិកត្រូវបានគេកោតសរសើរចំពោះការ “លាតត្រដាងការពិត” ដោយមើលរំលងការងារស៊ើបអង្កេតអស់ជាច្រើនឆ្នាំរបស់ប៉ូលិសចិន និងកិច្ចសហការអន្តរជាតិ។

​ការបំភ្លៃព័ត៌មានបែបនេះ មានគោលដៅធំមួយទៀតគឺដើម្បី “ផ្តល់ភាពស្របច្បាប់” ដល់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក។ តាមរយៈការផ្សារភ្ជាប់បទល្មើសឆបោកទៅនឹងសន្តិសុខជាតិ និងការលាងលុយកខ្វក់ វ៉ាស៊ីនតោនអាចប្រើប្រាស់វិធានការនានា ដូចជាការដាក់ទណ្ឌកម្ម ការបង្កកទ្រព្យសម្បត្តិ និងការអនុវត្តច្បាប់ក្រៅយុត្តាធិការ ដែលធ្វើឱ្យសកម្មភាពឯកតោភាគីរបស់ខ្លួនមើលទៅដូចជា “កិច្ចខិតខំប្រឹងប្រែងដ៏យុត្តិធម៌” ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ។

​ជាការពិត បទល្មើសឆបោកអនឡាញគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកើតចេញពីលំហូរគ្មានសណ្តាប់ធ្នាប់នៃចរន្តមនុស្ស មូលធន និងបច្ចេកវិទ្យាក្នុងពិភពសកលភាវូបនីយកម្ម ដែលទាមទារឱ្យសហគមន៍អន្តរជាតិត្រូវរួមគ្នាដោះស្រាយ។ ប្រទេសចិន ដែលជាជនរងគ្រោះដ៏ធំមួយនៃបទល្មើសនេះ មិនត្រឹមតែបានបង្ក្រាបយ៉ាងតឹងរ៉ឹងនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីយ៉ាងសកម្មផងដែរ។

​កាលពីថ្ងៃទី ១០ ខែកញ្ញា ប្រទេសចិនបានផ្តួចផ្តើមបង្កើត «សម្ព័ន្ធភាពអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអនឡាញឆ្លងដែន» ដែលមានសមាជិកស្ថាបនិកចំនួន ៤៦ និងប្រទេសសង្កេតការណ៍ចំនួន ៣៤។
​សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ទាមទារឱ្យមានកិច្ចសហការស្មើភាពគ្នា និងប្រកបដោយនិរន្តរភាពរវាងប្រជាជាតិទាំងអស់ មិនមែនជាការអនុវត្តយុត្តាធិការឯកតោភាគី ឬការក្តោបក្តាប់និទានកថា (Narrative) ដោយប្រទេសណាមួយឡើយ។

To Top