ព័ត៌មានអន្តរជាតិ

ការដាច់ ថាមពល របស់អ៊ុយក្រែន ទំនងជានឹងបន្ត រហូតដល់ខែមីនា

គៀវ ៖ នៅពេលដែលរុស្ស៊ី បន្តកំណត់គោលដៅលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន ក្រុមហ៊ុនផ្តល់ថាមពល កំពុងរៀបចំអតិថិជន ដើម្បីរំពឹងថា ការដាច់ចរន្តអគ្គិសនី នឹងមានរយៈ ពេលរហូតដល់ខែមីនា ។

នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃចន្ទ លោក Sergey Kovalenko នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់ ថាមពលអ៊ុយក្រែន YASNO បានសរសេរថា ក្រុមហ៊ុនកំពុងរំពឹងថា នឹងមានការដាច់ភ្លើងជាច្រើនខែ ខណៈដែលអ៊ុយក្រែន ព្យាយាមរក្សាហេដ្ឋារចនាសម្ព័ន្ធ ដែលនៅសេស សល់របស់ខ្លួន។

លោក Kovalenko បានសរសេរថា “ទោះបីជាមានការដាច់ភ្លើង តិចជាងឥឡូវនេះក៏ដោយ ខ្ញុំចង់ឱ្យអ្នករាល់គ្នាយល់ថា ប្រជាជនអ៊ុយក្រែនទំនង ជានឹងត្រូវរស់នៅក្នុងរបៀបបិទភ្លើង រហូតដល់យ៉ាងហោច ណាស់ចុងខែមីនា” ។

លោក Kovalenko បានបន្ថែមថា ដរាបណាមិនមានការវាយប្រហារថ្មី លើបណ្តាញអគ្គិសនី នោះក្រោមលក្ខខណ្ឌនៃការផលិតអគ្គិសនីនាពេលបច្ចុប្បន្ន ឱនភាពថាមពលអាចនឹងត្រូវ បានចែកចាយស្មើៗគ្នានៅទូទាំងប្រទេស។

ការបង្ហោះសាររបស់លោកបានឲ្យដឹងថា “នេះមានន័យថាការដាច់ភ្លើង នឹងនៅគ្រប់ទីកន្លែង ប៉ុន្តែមានរយៈពេលតិចជាង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kovalenko បានបន្ថែមថា ប្រសិនបើរុស្ស៊ី នៅតែបន្តការ វាយប្រហាររបស់ខ្លួន អតិថិជនគួរតែត្រៀមខ្លួន សម្រាប់ការដាច់ចរន្តអគ្គិសនី បន្ថែមទៀត នៅខាងក្រៅកាលវិភាគវិល ជុំបច្ចុប្បន្ន ៕

To Top