ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី នៅតួកគី បណ្តាលឲ្យមនុស្សតិចបំផុត ២២នាក់រងរបួសធ្ងន់

អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្សចំនួន២២នាក់ បានរងរបួសក្នុងនោះមានម្នាក់យ៉ាងធ្ងន់ធ្ងរក្រោយ ពីមានគ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារខេត្ត Duzce នៅភាគពាយ័ព្យនៃប្រទេសតួកគី កាលពីព្រឹកថ្ងៃពុធ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានថ្លែងដូច្នេះ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី បានលើកឡើងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៤និង០៨នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០៨នាទីម៉ោងសកល ហើយស្ថិតនៅភាគកណ្តាល នៃស្រុក Golyaka ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយនេះត្រូវបានគេដឹងថា គឺបានកើតឡើងនៅក្នុង ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់ប្រទេសតួកគី និងតំបន់ជុំវិញផ្សេងទៀត ។

ទូរទស្សន៍ NTV បានរាយការណ៍ថា មានការភ័យស្លន់ស្លោយ៉ាងខ្លាំងនៅក្នុងទីក្រុង Golyaka ដែលថាមពលអគ្គីសនីបានរលត់ ។

នៅខេត្ត Duzce បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៧,២ រ៉ិចទ័រក្នុងឆ្នាំ១៩៩៩ ដោយបានសម្លាប់មនុស្សអស់ប្រហែល៨០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top