ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កឡើង ដោយវីរុសកូរ៉ូណា មានស្ថានភាពល្អប្រសើរឡើង វិញហើយ ដោយលោកបានសម្តែង ការសប្បាយចិត្ត និងថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងជ្រាលជ្រៅ ដែលបានឲ្យក្រុមគ្រូពេទ្យខ្មែរ យកចិត្តទុកដាក់ក្នុងការ ព្យាបាលជំងឺរបស់គាត់។
បើតាមការផ្សព្វផ្សាយ របស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង CDC នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបង្ហាញជាវិដេអូ ថតតាមទូរស័ព្ទ ឃើញថា សុខភាពរបស់បុរសជនជាតិ នោះមានលក្ខណៈល្អប្រសើរ ហើយសប្បាយរីករាយយ៉ាងខ្លាំង ។
តាមរយៈអ្នកបកប្រែភាសាខ្មែរ លោកនិយាយនិយាយថា “អរគុណគ្រូពេទ្យខ្មែរដែបានយកចិត្តទុកព្យាបាល ក្នុងនោះមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអរគុណសម្តេចតេជោដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ មករា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញ ជំងឺវីរុសកូរ៉ូណា ប្រភេទថ្មី លើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ ៤នាក់ មកកម្សាន្ដខេត្តព្រះសីហនុ ក្រោយពិនិត្យបង្ហាញថា ក្នុងចំណោមនោះ មានតែគាត់ម្នាក់ទេ មានជំងឺវីរុសកូរ៉ូណានេះ ៕