ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅឥណ្ឌូនេស៊ី កើនឡើងបន្តបន្ទាប់ ដល់៣១៨នាក់ ខណៈ១៤នាក់បន្តបាត់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេស បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣១៨នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័របានវាយប្រហារកោះជ្វាខាងលិច កាលពីថ្ងៃចន្ទ ។

សាកសពចំនួន៨នាក់ទៀត ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣១៨នាក់ នេះបើតាមអនុប្រធានផ្នែកឆ្លើយតបបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Fajar Setiawan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។

លោក Setiawan បានលើកឡើងថា គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន៧.៧២៩នាក់ បានរងរបួសនៅក្នុងស្រុក Cianjur ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ បានបំផ្លាញផ្ទះ ចំនួន៥៨.០៤៩ខ្នង និងមនុស្សចំនួន៧៣.៦៩៣នាក់ត្រូវបានផ្លាស់ទីលំនៅ ។

លោក Joshua Banjarnahor អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Java បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងបានបង្អាក់ដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងស្រុក Cianjur ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top