ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកាណាដា បង្ហាញផែនការដែលទន្ទឹងរង់ចាំជាយូរ ក្នុងការប្រឈមមុខនឹងការរំខាន កាន់តែខ្លាំងឡើងរបស់ប្រទេសចិន

បរទេស៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលរង់ចាំជាយូរមកហើយ របស់ប្រទេសកាណាដា ពណ៌នាប្រទេសចិនថា ជា “មហាអំណាចសកលដែល រំខានកាន់តែខ្លាំងឡើង” នៅលើឆាកពិភពលោក ដែលជាកម្លាំងសង្គម និងសេដ្ឋកិច្ចដែលធំពេក មិនអើពើមិនបាន ប៉ុន្តែក៏ត្រូវបានផ្តោតកាន់តែខ្លាំងឡើង លើការបត់បែននៃច្បាប់អន្តរជាតិ ដើម្បីឱ្យសមនឹងផលប្រយោជន៍របស់ខ្លួន។

យោងតាមសារព័ត៌មាន CBC ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រើភាសាច្បាស់គួរឱ្យភ្ញាក់ផ្អើល យុទ្ធសាស្ត្រនេះនិយាយថា រដ្ឋាភិបាលកាណាដាត្រូវ “បើកភ្នែកឱ្យច្បាស់” អំពីគោលបំណងរបស់ចិននៅចុងបូព៌ា និងកន្លែងផ្សេងទៀត។ វាសន្យាថានឹងចំណាយប្រាក់ ជិតកន្លះពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំលើការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការយោធា និងចារកម្មជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។

ឯកសារ​មាន​កម្រាស់ ២៦​ទំព័រ​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​មុន​ការ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ Vancouver កាល​ពី​ថ្ងៃ​អាទិត្យ បាននិយាយថា “ការកើនឡើងរបស់ប្រទេសចិន ដែលអនុញ្ញាតដោយច្បាប់ និងបទដ្ឋានអន្តរជាតិដូចគ្នា ដែលឥឡូវនេះវាកាន់តែ មិនយកចិត្តទុកដាក់នោះ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ឥណ្ឌូប៉ាស៊ីហ្វិក ហើយវាមានមហិច្ឆតា ដើម្បីក្លាយជាមហាអំណាច ឈានមុខគេនៅក្នុងតំបន់” ។

“ចិនកំពុងធ្វើការវិនិយោគទ្រង់ទ្រាយធំ ដើម្បីបង្កើតឥទ្ធិពលសេដ្ឋកិច្ច ឥទ្ធិពលការទូត សមត្ថភាពយោធាវាយលុក និងបច្ចេកវិទ្យាទំនើប។ ប្រទេសចិនកំពុងសម្លឹងមើល ការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ ទៅជាបរិយាកាសអនុញ្ញាត សម្រាប់ផលប្រយោជន៍ និងតម្លៃដែលកាន់តែចាកចេញពីយើង” ។

ឯកសារយុទ្ធសាស្ត្រនេះ ក៏និយាយផងដែរថា “ទំហំ និងឥទ្ធិពលដ៏ខ្លាំងរបស់ចិន ធ្វើឱ្យកិច្ចសហប្រតិបត្តិការចាំបាច់ ដើម្បីដោះស្រាយសម្ពាធអត្ថិភាព មួយចំនួនរបស់ពិភពលោក ដូចជាការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះ សុខភាពសកល និងការរីកសាយនុយក្លេអ៊ែរ”។

ក្នុងន័យនេះ ប្លង់មេគោលនយោបាយការបរទេស របស់ប្រទេសកាណាដា ឆ្លុះបញ្ចាំងពីវិធីសាស្រ្តដែលធ្វើឡើង ដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលកាលពីខែកុម្ភៈកន្លងទៅ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន របស់ខ្លួនសម្រាប់ការចូលរួមនៅក្នុងតំបន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top