ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមសេចក្ដីសម្រេចផ្លូវការរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា «បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាឲ្យបានច្បាស់លាស់ពីហេតុការណ៍ ដែលបណ្ដាលមកពីករណីរំលូតកូន ស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន»៕