ព័ត៌មានជាតិ

ព្រឹកនេះ ! វិញ្ញាសាប្រឡងបាក់ឌុប ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែ​ធ្នូ​  ឆ្នាំ២០២២នេះ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត សម្រាប់ត្រៀមប្រឡង ចាប់ពីថ្ងៃទី០៥-៦ ធ្នូ ខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២ ធ្នូ​ បានបញ្ជាក់ថា «ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២»។

ក្រសួង បន្ដថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់ ផងដែរ៕

To Top