ភ្នំពេញ៖ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការជុំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងទីក្រុង ក្នុងការទាញយកសក្កានុពល នៃគម្រោងសហប្រតិបត្តិការ សម្រាប់ភាគី ទាំងអស់ និងដៃគូគាំទ្រនានា រួមបញ្ចូលដោយមិន កំណត់ចំពោះវិស័យឯកជន វិស័យធនាគារ អ្នករៀបចំផែនការទីក្រុង គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគមន៍ អ្នកសិក្សាស្រាវជ្រាវ តាមរយៈសហគមន៍ ដែលផ្តោតលើប្រជាជនជាធំ បណ្តាញជិតស្និទរវាងសហគ្រាស និងសហគ្រាស និងធ្វើសមាហរណកម្ម ដំណោះស្រាយទីក្រុងឆ្លាត ឲ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅរកទីក្រុងអាស៊ានឆ្លាត មានចីរភាព និងមានភាពធន់ជាងមុន ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានអញ្ជើញចូលរួមដោយ អភិបាលរាជធានី និងរដ្ឋធានីនៃសហគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រទេស ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គម និយមវៀតណាម៕