តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Nour បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយនៅក្នុងខេត្ត Khuzestan ភាគនិរតីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងមន្ត្រីក្នុងតំបន់មួយចំនួនបានធ្វើជាសាក្សីក្នុងការចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Karoon កម្លាំង ៣០០មេហ្គាវ៉ាត់ ដែលនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រ ទឹក ពន្លឺ សម្ពាធ ដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមអុកស៊ីត ៤ ភាគរយដែលចម្រាញ់ជា ឥន្ធនៈ។
លោក Eslami បានលើកឡើងថា អ៊ីរ៉ង់បានចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុង “ល្បឿនលឿន” ដោយបន្ថែមថា រោងចក្រ Karoon នឹងជួយអ៊ីរ៉ង់ឱ្យឈានដល់គោលដៅបង្កើនចំណែកនៃថាមពលនុយក្លេអ៊ែរដល់ប្រហែល ២០ភាគរយនៃកញ្ចប់អគ្គិសនីទាំងមូល។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Nour បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងចំណាយប្រាក់ពី ១,៥ ទៅ ២ ពាន់លានដុល្លារអាមេរិក និងរយៈពេល ៨ឆ្នាំ ដើម្បីសាងសង់រោងចក្រ Karoon ។
រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កម្លាំង ១០០០មេហ្គាវ៉ាត់ ដែលជារោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលដំបូងគេនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅក្នុងខែកញ្ញា ឆ្នាំ២០១១ ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា