ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា នឹងមិនចរចាក្រោមសម្ពាធ និងការំគរាមកំហែងនោះឡើយ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនចរចាក្រោមសម្ពាធ និងការគំរាមកំហែងលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។

លោក Kanaani បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវដំណើរការចរចា ហើយមានបំណងបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

ទោះជាយ៉ាងណាក៏ដោយ “មន្រ្តីអាមេរិកដឹងថាអ៊ីរ៉ង់ មិនមានឆន្ទៈក្នុងការចរចា និងធ្វើសម្បទានក្រោមសម្ពាធ និងការគំរាមកំហែងនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ បានប្តេជ្ញាចិត្តចំពោះកតិកាសញ្ញា និងបំពេញកាតព្វកិច្ចរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀងនេះ ហើយភាគីអឺរ៉ុប មិនបានបំពេញតាមការសន្យារបស់ពួកគេ និងមិនអាចទូទាត់សងសម្រាប់ការដកខ្លួនជាឯកតោភាគី និងខុសច្បាប់របស់សហរដ្ឋអាមេរិកបានឡើយ។

លោកបានបន្ថែមថា “យើងណែនាំភាគីអឺរ៉ុប ចំពោះ JCPOA កុំឱ្យចុះចាញ់សហរដ្ឋអាមេរិក” ។ អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top