ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត៣៤នាក់ នៅក្នុងហេតុការណ៍បាក់ដីនៅកូឡុំប៊ី

បូហ្គូតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន៣៤នាក់បានស្លាប់នៅគ្រាដែលមានគ្រោះបាក់ដីបានហូរច្រោះកប់លើរថយន្តក្រុង១គ្រឿង នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ ។


ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ ហៅកាត់ថា (UNGRD) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានហូរច្រោះបុកចំរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បូហ្គូតា ។

ក្រុមអ្នកជួយសង្គ្រោះកំពុងជីកកកាយដីភក់ដើម្បីរកអ្នកនៅរស់រានមានជីវិត ហើយអាជ្ញាធរបានឲ្យដឹងថា មនុស្សចំនួន៩នាក់ត្រូវបានជួយសង្គ្រោះឲ្យនៅរស់រានមានជីវិត ។ លោក Victor Tamayo អភិបាលក្រុង Risaralda បានលើកឡើងថា ម្នាក់ក្នុងចំណោមអ្នកទាំងនោះគឺជាក្មេងស្រីអាយុ៧ឆ្នាំដែលត្រូវបានគេរកឃើញថា កំពុងជាប់នឹងម្តាយរបស់នាងដែលបានស្លាប់ ។

លោកប្រធានាធិបតី Gustavo Petro បានពណ៌នាឧប្បត្តិហេតុថា ជាសោកនាដកម្មនៅក្នុងសារបណ្តាញសង្គម Twitter ។

លោក Petro បានថ្លែងដោយសន្យាគាំទ្រពីរដ្ឋាភិបាលជាតិថា “សាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top