ព័ត៌មានជាតិ

ទូតជប៉ុន សម្ដែងការគោរព និងកោតសរសើរ ភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងនូវការគោរព និងកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការសម្រេចចិត្ត និងចូលរួមដោះស្រាយវិបត្តិ នៅក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាស ជួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត បានសំដែងនូវការអបអរសាទរ គោរពជូនសម្ដេចតេជោ ចំពោះជោគជ័យនៃការរៀបចំដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាជំងឺកូវីដ-១៩ ហើយក៏បានសំដែងនូវការគោរព ភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ដោយ៖

ទី១- ការដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព ជាពិសេស មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក
ទី២-ការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី
ទី៣-ក្នុងការប្រឹងប្រែងដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា,
ទី៤- ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។

លោក មិកាមិ បានបន្ថែមថា បេសកកម្មរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយជប៉ុន នៅតែបន្តគាំទ្រកម្ពុជា ហើយពេលនេះ ជប៉ុន កំពុងចូលរួមបង្ហាត់កីឡាករកម្ពុជា ត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក មិកាមិ ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នារួមមាន៖
ទី១-ការរួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ,
ទី២-រៀបចំឱ្យមានការចូលចតនាវាជប៉ុន ចំនួន២ដង នៅកម្ពុជា
ទី៣-រៀបចំឱ្យមានជំនួប រវាងសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចំនួន១ដងក្នុងមួយឆ្នាំ
ទី៣-រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនផងដែរ
ទី៥-ជំរុញវិនិយោគជប៉ុនមកកម្ពុជា
ទី៦-ការធ្វើខួបក្រុមហ៊ុនមីនេបៀរ និងការជំរុញដំណើរការ គម្រោងជប៉ុនទាំងអស់នៅកម្ពុជា ឱ្យដំណើរការបានល្អ ទោះស្ថិតក្នុងស្ថានភាព លំបាកដោយជំងឺកូវីដក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក មិកាមិ ផងដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាករណីគោលការណ៍ច្បាប់ និងគុណស្រ័យ គឺខុសគ្នា។

ដោយឡែកករណីមីយ៉ាន់ម៉ា សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានប្រឹងប្រែងអំពីកម្លាំងកាយចិត្ត ដើម្បីជួយឲ្យមីយ៉ាន់ម៉ា វិលត្រឡប់មកគន្លងប្រក្រីភាពវិញ ដែលពេលនេះ គឺទុកជូនប្រទេសឥណ្ឌូនេស៊ី ជាប្រធានបន្តវេន ដោះស្រាយបន្ត៕

To Top