ព័ត៌មានជាតិ

គ្រោះរញ្ជួយដី កម្រិត៦,១រ៉ិចទ័រ អង្រួននៅលើដែនកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី បង្ខំឲ្យពលរដ្ឋជម្លៀសខ្លួន ចេញបន្ទាន់

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេស ហៅកាត់ (BMKG) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច ( West Java ) របស់ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានជំរុញឱ្យអ្នកស្រុកនៅតំបន់ក្បែរចំណុចកណ្តាលតំបន់នេះ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយភាពភិតភ័យបំផុត ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីដែលមានចំណុចកណ្តាល២២គីឡូម៉ែត្រពីទីក្រុង Sukabumi មិនមានសក្តានុពលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ ហើយបានវាយប្រហារនៅជម្រៅ១០៤គីឡូម៉ែត្រ ។

អ្នកស្រុកបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅ Sukabumi ។ នេះបើយោងតាមខ្សែវីដេអូដែលផ្សាយដោយទូរទស្សន៍ TVOne ។

សាក្សីមកពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា គ្រោះរញ្ជួយដីក៏ត្រូវបានគេដឹងនៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជុំវិញនេះផងដែរ ។

លោក Abdul Muhari មន្ត្រីបម្រើការនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី ហៅកាត់ (BNPB) បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា មកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ ប៉ុន្តែទីភ្នាក់ងារនេះនៅតែកំពុងវាយតម្លៃស្ថានភាព ។

គួររំលឹកថា កាលពីខែមុន គ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ផងដែរនៅ West Java ដោយបានសម្លាប់មនុស្សជាង៣០០នាក់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top