គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំប្រទេសរបស់លោក ដើម្បីទទួលយកថា សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែ “ខ្ទេចខ្ទាំ” និង “អូសបន្លាយ” នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW)។
យោងតាមរបាយការណ៍របស់ ISW ចេញផ្សាយកាលពីយប់ថ្ងៃពុធ បានឲ្យដឹងថា លោក ពូទីន កំពុងកំណត់លក្ខខណ្ឌ សម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃមួយក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយសំដៅទៅលើប្រវត្តិសាស្ត្រចក្រពត្តិរបស់ប្រទេសលោក ខណៈដែលលោកបានប្រៀបធៀបខ្លួនលោកទៅនឹងស្តេចរុស្ស៊ី Tsar Peter the Great ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយសមាជិកក្រុមប្រឹក្សាប្រធានាធិបតីរបស់លោក សម្រាប់ការអភិវឌ្ឍសង្គមស៊ីវិល និងសិទ្ធិមនុស្ស។
របាយការណ៍របស់ ISW បានឲ្យដឹងថា “លោកពូទីនបានកត់សម្គាល់ថា “ប្រតិបត្តិការពិសេស” នៅអ៊ុយក្រែនអាចជា ‘ដំណើរការដ៏វែងឆ្ងាយ’ ហើយថាការទទួលបានទឹកដីថ្មី គឺជាលទ្ធផលដ៏សំខាន់នៃដំណើរការនេះសម្រាប់ប្រទេសរុស្ស៊ី” ។
លោកបន្ដថា “ការអំពាវនាវនៃប្រវត្តិសាស្រ្តចក្រពត្តិរុស្ស៊ីនេះ កំណត់យ៉ាងច្បាស់នូវគោលដៅបច្ចុប្បន្នរបស់ពូទីននៅអ៊ុយក្រែនថា ជាចក្រពត្តិនិយមជ្រុល និងនៅតែជាអតិបរិមា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ប្រភពបានឲ្យដឹងថា “លោកពូទីន កំពុងធ្វើឱ្យទស្សនិកជនក្នុងស្រុករុស្ស៊ីរំពឹងថា នឹងមានសង្រ្គាមអូសបន្លាយ និងនៅអ៊ុយក្រែន ដែលបន្តស្វែងរកការដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែម។ លក្ខខណ្ឌនៃព័ត៌មាននេះ គឺមិនស៊ីគ្នានឹងការពិភាក្សាណាមួយទាក់ទងនឹងបទឈប់បាញ់ ឬការចរចា” នោះទេ។
អ្នកសរសេរប្លុកយោធារុស្ស៊ីបានឆ្លើយតបជាវិជ្ជមាន ចំពោះការកត់សម្គាល់របស់លោក ពូទីន ហើយបានរំពឹងថា ភាពជោគជ័យនៅក្នុងសង្គ្រាមអាចចំណាយពេល “ច្រើនឆ្នាំ” នេះបើយោងតាម ISW ។
របាយការណ៍នេះបង្ហាញថា លោកពូទីន នឹងនៅតែមិនមានឆន្ទៈក្នុងការចរចា ដើម្បីបញ្ចប់សង្រ្គាម រហូតដល់សម្រេចបាននូវគោលបំណងចុងក្រោយរបស់លោក ក្នុងការទទួលបានការគ្រប់គ្រងលើទឹកដីដែលស្រដៀងនឹងចក្រភពរុស្ស៊ីក្នុងឆ្នាំ១៧២១-១៩១៧៕
ប្រែសម្រួល ឈូក បូរ៉ា