កម្មវិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលបានប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទីព្រឹក នៅ«បណ្ណាល័យជាតិកម្ពុជា»។
សូមជម្រាបផងដែរ ការបើកសម្ពោធនៃពិព័រណ៍សៀវភៅកម្ពុជានេះ គឺត្រូវបានប្រកាសបើកសម្ពោធដោយ ឯក ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានការចូលរួមពីតារាចម្រៀងកិត្តិយស លោក ម៉ុង ម៉ានិត ទូតសុច្ឆនៈច្រៀងជាកិត្តិយសក្នុងការបើកកម្មវិធី និងមានការបង្ហាញក្បាច់«គុនល្បុក្កតោ» ដោយសហព័ន្ធក្បាច់គុនល្បុក្កតោ។
បន្ទាប់មកមានការថ្លែងសុន្ទរកថា ដោយលោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំនៃពិព័រណ៍សៀវភៅ ចំណាប់អារម្មណ៍របស់លោក ព្រុំ វិទូ តំណាងអគ្គនាយកក្រុមហ៊ុនថៃហ្គ័របាម ចំណាប់អារម្មណ៍របស់លោក ហ្វាប្រ៊ីស អេដែន(Fabrice Etienne) ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំកម្ពជា ការថ្លែងសុន្ទរកថា របស់លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានថ្លែងថា «៥០ភាគរយនៃចំណេះដឹង
របស់ខ្ញុំទទួលបានពីគ្រូ ចំណែកឯចំណេះដឹង៥០ភាគរយទៀតគឺបានមកពីការអានសៀវភៅ»។
ក្នុងនោះផងដែរ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៌ថា «សៀវភៅគឺជាកន្លែងប្រមូលផ្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាទាំងអស់ ដែលជាសសទ្រូងរបស់មនុស្សជាតិ»។
នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំនៃពិព័រណ៍សៀវភៅ លោកបានអំពាវនាវស្នើរសុំឱ្យ ស្តង់លក់សៀវភៅទាំងអស់នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាធ្វើការបញ្ចុះតម្លៃជូនមន្ត្រីពន្ធនាគារដែលជាវសៀវភៅសម្រាប់ដាក់នៅក្នុងបណ្ណាល័យពន្ធនាគារ ដើម្បីឱ្យទណ្ឌិតនិងជនជាប់ឃុំទាំងឡាយបានអាននិងក្រេបយកចំណេះដឹង ក្នុងការអភិវឌ្ឍខ្លួននាពេលអនាគត។
ក្នុងនោះផងដែរ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា «សៀវភៅល្អគឺជាអ្នកដឹកនាំ និងជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្តនិងរុងរឿង»។
បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថារបស់អធិបតីភាពរួចមក ក្រុមការងារ បានរៀបចំកម្មវិធីជូន បណ្ណថ្លែងអំណគុណដល់ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភកម្មវិធី។ ជាចុងក្រោយ គណៈអធិបតី ធ្វើការ កាត់«ខ្សែបូ»សម្ពោធការបើកនៃពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំ២០២២ ព្រមទាំងការអញ្ជើញទស្សនាតាមស្តង់ពិព័រណ៍៕