ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា ការស្វែងរកមួយកំពុងដំណើរការនៅថ្ងៃសុក្រ សម្រាប់យន្តហោះដឹកជញ្ជូនពេទ្យ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាពេលយប់ នៅជិតកោះហាវ៉ៃ ជាមួយនឹងមនុស្ស ៣នាក់នៅលើយន្តហោះនោះ ។
ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឲ្យដឹងនៅលើបណ្តាញ Twitter ថា យន្តហោះ Hawaii Life Flight ត្រូវបានគេរាយការណ៍ថា ជាយន្តហោះប្រភេទម៉ាស៊ីនភ្លោះ King Air ។
អង្គភាពគ្រប់គ្រងទីក្រុង Honolulu បានរាយការណ៍ថា បាត់បង់ទំនាក់ទំនងរ៉ាដា ជាមួយយន្តហោះប្រហែល ១៥ម៉ាយ ក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងត្បូង នៃទីក្រុង Hana, Maui ។ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ដូច្នេះ ។
ក្រុមហ៊ុន Global Medical Response បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើសង្គម Facebook ថា យន្តហោះដែលមានស្លាបថេរ Hawaii Life Flight ១គ្រឿងរបស់ខ្លួនបានចេញពីរ៉ាដា កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយក្រុមហ៊ុនកំពុងស្ថិតក្នុងការស្វែងរក និងជួយសង្គ្រោះយ៉ាងសកម្ម ជាមួយឆ្មាំឆ្នេរសមុទ្រអាមេរិក ។
ក្រុមហ៊ុនបានឲ្យដឹងថា “យន្តហោះបានចេញពីរ៉ាដានៅម៉ោ២១និង២៧នាទី ម៉ោងក្នុងស្រុក នៅថ្ងៃទី១៥ ខែធ្នូ ខណៈដែលពួកគេកំពុងធ្វើដំណើរពី Maui ទៅកាន់កោះ Waimea Big Island ។ យើងមានសមាជិកក្រុមចំនួន ៣នាក់ និងមិនមានអ្នកជំងឺ នៅលើយន្តហោះនោះទេ” ដោយកត់សម្គាល់ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាង។ យើងអាចនាំសមាជិកក្រុមរបស់យើងទៅផ្ទះ” ។
ស្ថានីយ៍ទូរទស្សន៍ KITV របស់រដ្ឋហាវ៉ៃបានរាយការណ៍ថា ការដឹកជញ្ជូនជើងហោះហើរ Hawaii Life Flight ទាំងអស់ត្រូវបានផ្អាកជា បណ្តោះអាសន្នជានីតិវិធីស្តង់ដារ។
គ្រូបង្ហាត់ជើងហោះហើរមួយរូប ជាមួយក្រុមហ៊ុនអាកាសចរណ៍ George’s Aviation ដែលសុំមិនបញ្ចេញឈ្មោះ បានឃើញយន្តហោះនៅពេលវាធ្លាក់នោះ បាននិយាយបន្ថែមថា អ្នកបើកយន្តហោះបន្ទាប់មកបាន គូសរង្វង់តំបន់ដែលយន្តហោះបានធ្លាក់ ខណៈពេលដែលកំពុងទាក់ទងជាមួយ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស រហូតដល់ទីបំផុតត្រឡប់ទៅទីក្រុង Honolulu ។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា