ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការអះអាងរបស់នាយក CIA អំពីកិច្ចសហប្រតិបត្តិការ រវាងក្រុងតេអេរ៉ង់-ម៉ូស្គូ ថាជាសង្គ្រាមឃោសនា

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានរិះគន់ថា “ការអះអាងដោយគ្មានមូលដ្ឋាន” ដោយនាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល (CIA) អំពីកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃសង្គ្រាមឃោសនា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេស បានដកស្រង់សម្តីលោក Nasser Kanaani ថា “ដើម្បីបន្តការទាមទារនយោបាយ ដោយគ្មានមូលដ្ឋានរបស់ពួកគេ និងសកម្មភាពប្រឆាំងអ៊ីរ៉ង់ខុសច្បាប់ មន្ត្រីសហរដ្ឋអាមេរិកបានធ្វើឱ្យមានការសង្ស័យ លើកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធាសាមញ្ញ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូ” ។

លោកបានបន្ថែមថា យុទ្ធនាការឃោសនារបស់សហរដ្ឋអាមេរិក ដែលផ្អែកលើ “ការក្លែងបន្លំ និងការបោកបញ្ឆោត” គឺមានគោលបំណង “ដាក់ប្រទេសអ៊ីរ៉ង់ ឱ្យស្ថិតនៅក្រោមសម្ពាធនយោបាយ ការលើកកម្ពស់ការភ័យខ្លាច ចំពោះអ៊ីរ៉ង់ និងការបិទបាំង នូវភាពថោកទាបរបស់ខ្លួន”។

លោក Kanaani បានរំលឹកឡើងវិញថា កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ីក្នុងវិស័យផ្សេងៗគ្នា ជាពិសេសវិស័យការពារជាតិ គឺមិនប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាមេរិក PBS កាលពីថ្ងៃសុក្រ នាយក CIA លោក William Burns បានសម្តែងការព្រួយបារម្ភ អំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងរុស្ស៊ី។

ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចនាពេលថ្មីៗនេះ បានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូនអត្តឃាត ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែអ៊ីរ៉ង់​បាន​ច្រានចោល ​ការ​ចោទ​ប្រកាន់​នេះ​ជា​ញឹកញាប់​ថា​ ជាការចោទប្រកាន់គ្មាន​មូលដ្ឋាន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top