ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអំពាវនាវទៅដល់ ក្រុមអង្គការសង្គម សង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវលាតត្រដាងការពិតអំពីអ្វីមួយ ហើយកុំលាក់ព័ត៌មាន ត្រូវរាយការណ៍ បើសិនជាអាជ្ញាធរ សមត្ថកិច្ចមិនដោះស្រាយ ឲ្យជាកំហុសរបស់ពួកគេ ។
ក្នុងវេទិកាលើកទី៣ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានទទួលសេចក្តីរាយការណ៍២ករណីប៉ុណ្ណោះ ពាក់ព័ន្ធការសួរនាំពីអាជ្ញាធរមូលដ្ឋាន នៅខេត្តបាត់ដំបង ដែលអាជ្ញាធរឃុំ ពុំចេញលិខិតបញ្ជាក់ អាសយដ្ឋាន ទីស្នាក់ការរបស់អង្គការ និងខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកតម្រូវឲ្យអង្គការដាក់ លិខិតស្នើសុំធ្វើសកម្មភាព ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំ របស់ក្រសួង ។
សម្ដេចបន្ដថា ចំពោះករណីទាំង២នេះ ក្រុមការងារអន្តរក្រសួង ក៏បានធ្វើការទំនាក់ទំនង ដោយផ្ទាល់ទៅរដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងនោះ បានរួចរាល់ផងដែរ ។ សម្ដេចថា ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ។
សម្ដេចមានប្រសាសន៍ថា “កន្លងទៅអង្គការសង្គមស៊ីវិលខ្លះ ក៏បានលើកឡើងមិនមែន២ទេ គឺច្រើនករណីរហូតដល់រាប់រាយករណី ។ ចំណុចនេះ យើងខ្ញុំមិនបដិសេធទេ ប៉ុន្តែយើងខ្ញុំមានចម្ងល់ថា ហេតុអ្វីបើមានករណីបែបនេះហើយ គាត់បូកសរុបយកទៅផ្សព្វផ្សាយ តែគាត់មិនបានផ្ដល់ព័ត៌មាន មកឲ្យសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ។ ចឹងប្រៀបដូចគាត់លាក់ព័ត៌មាន អីចឹងទំនាក់ទនងរបស់យើង មិនតម្លាភាព វាមិនមែនកសាងជាភាពដៃគូ” ។
សម្ដេច ស ខេង ស្វាគមន៍រាល់ការដោះស្រាយជាមួយអង្គការសង្គមស៊ីវិល ជាពិសេសក្រសួងក៏បានរៀបចំវេទិកាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីដោះស្រាយបញ្ហានានា ។ ជាងនេះទៅ សម្ដេចស្នើអង្គការត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ព្រោះរាជរដ្ឋាភិបាល ចាត់ទុកអង្គការជាពីរប្រភេទរួមមាន ៖ ទី១- តស៊ូមតិ និងទី២- ចូលរួមអភិវឌ្ឍន៍គាំទ្រកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល ។
សម្តេចបញ្ជាក់ថា “បើសិនពួកគាត់លាក់ព័ត៌មាន យើងមិនដឹងដោះស្រាយយ៉ាងម៉េច? ដោះមិនបានទេ? ប៉ុន្តែគាត់លាតត្រដាង ដោយតម្លាភាព ដោយចំហរ ហើយសមត្ថកិច្ចមិនដោះស្រាយ ជាកំហុសមន្ដ្រី រាជរដ្ឋាភិបាល កំហុសរបស់អាជ្ញាធរសមត្ថកិច្ច។ ប៉ុន្តែគាត់លាក់ព័ត៌មាន យកទៅផ្សាយរឿងពិត ឬមិនពិតអាហ្នឹងអាចចាត់ទុកថា វាជាភាពចន្លោះប្រហោង ឬក៏ស្មារតីសហការកសាងភាពជាដៃគូ របស់សង្គមស៊ីវិលនោះ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិមិនល្អ” ។
សូមរំលឹកថា គិតត្រឹមឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ក្នុងនោះ សមាគម២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល៣.៣១៦។ បន្ទាប់ពីច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ត្រូវចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៩៦៦ ត្រូវបានចុះបញ្ជីស្របតាមច្បាប់ ក្នុងនោះសមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៩៥ ៕ ដោយ អេង ប៊ូឆេង