ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី សង្ឃឹម​ថា ​នឹង​មាន​ការ​អនុវត្តយ៉ាង​ឆាប់​រហ័ស ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមរបស់គាត់ សម្រាប់ការអនុវត្តយ៉ាងឆាប់រហ័ស នៃកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដែលសម្រេចបានក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃ របស់លោកថា “យើងនឹងមិនខ្ជះខ្ជាយពេលវេលានោះទេ។ យើងនឹងអនុវត្តយ៉ាងឆាប់រហ័ស នូវអ្វីគ្រប់យ៉ាង ដែលបានព្រមព្រៀងគ្នា នៅក្នុងទីក្រុងវ៉ាស៊ីនតោន” ។

លោកប្រធានាធិបតីបានបន្ដថា ប្រជាជនប្រហែល ៩លាននាក់ នៅទូទាំងប្រទេសអ៊ុយក្រែន គឺគ្មានថាមពល ប៉ុន្តែចំនួននៃការដាច់ភ្លើង កំពុងថយចុះជាលំដាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីសប្តាហ៍មុន លោក ហ្សេឡិនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរទស្សនកិច្ចបរទេសលើកដំបូង របស់លោកចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

គួរបញ្ជាក់ថា បន្ទាប់ពីការធ្វើដំណើរនេះ លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានឈានដល់កិច្ចព្រមព្រៀងថ្មី ទាក់ទងនឹងជំនួយ សម្រាប់ឧស្សាហកម្មថាមពល របស់អ៊ុយក្រែន ពីភាគីអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top