ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៣ បានអញ្ជេីញចូលរួមក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមី លោកតាលោកយាយ ព្រះពោធិព្រឹក ថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារលោកហុកឡងឌី (សួនពោធិព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះមានការចូលរួមពី លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបផងដែរ ។
សូមបញ្ជាក់ថា អាស្រមថ្មីបារមីលោកតាលោកយាយ ព្រះពោធិព្រឹក ដែលបានរៀបចំពិធីសែនក្រុងពាលី នាព្រឹកនេះ គឺជាទីគោរពសក្ការបូជាសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ មកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារលោកហុកឡងឌី (សួនពោធិព្រឹក្សា) ក៏ជាទីកន្លែងសម្រាប់ ប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណនិង ដើរលេងកម្សាន្តផងដែរ ។
ពលរដ្ឋបានលើកឡើងថា អាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍ លើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ ៕