ព័ត៌មានជាតិ

អាជ្ញាធរនៃទីក្រុង Kent and County of King របស់សហរដ្ឋអាមេរិក ផ្ញើសារអបអរសាទរ ​ថ្ងៃជ័យជំនះ ៧មករា

ភ្នំពេញ៖ អាជ្ញាធរនៃទីក្រុង Kent and County of King សហរដ្ឋអាមេរិក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានចេញលិខិតចូលរួមអបអរសាទរ​ និងទទួលស្គាល់​ថ្ងៃ៧មករា ជាថ្ងៃរំដោះប្រទេសចេញពីភ្នក់ភ្លើងសង្រ្គាមនោះ គឺថ្ងៃរំដោះជាតិ កម្ពុជា។

លោក Dana Ralph, Mayor of Kent បានសរសេរក្នុងលិខិត ដែលមជ្ឈមណ្ឌលព័ត៌មាន ទើបទទួលបានឱ្យដឹងថា សមាជិកក្រុមប្រឹក្សារបស់លោក ពិតជាសូមចូលអបសាទរ ចំពោះថ្ងៃជ័យជំនះ៧មករា ជាមួយប្រជាជនកម្ពុជា។

លោក ឈិន រតនា ប្រធានទីក្រុងរិនតុនរបស់អង្គការចាត់តាំងយុវជន ជាប្រធានអនុសាខាបក្សគណបក្សប្រជាជន និងជាគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋវ៉ាស៊ីនតោន ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានបង្ហាញអារម្មណ៍ថា នេះជាមោទកភាពមួយ ជាពិសេសសំរាប់ប្រជាជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។

លោក បន្ថែមថា សមិទ្ធផលដ៏ថ្លៃថ្លាមួយនេះដែរ​ បានបង្ហាញការខិតខំប្រឹងប្រែង ក៏ដូចជាសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន ដែលមានដូចជា លោក ឈិន រតនា ប្រធានទីក្រុងរិនតុន របស់អង្គការចាត់តាំងយុវជន ជាប្រធានអនុសាខាបក្ស គណបក្សប្រជាជន និងជាគណៈកម្មការអចិន្រ្តៃយ៍ នៃរដ្ឋវ៉ាស៊ីនតោន, លោកស្រី តាំង សុខប៉ អនុប្រធានអនុសាខាបក្សប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន, លោក ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំ ចាត់តាំងយុវជនគណប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, លោក សរ សេរីវិចិត្រ ប្រធានក្រុមរៀបចំចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក, លោក កែវ ជា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។

លោកបន្តថា ក្នុងនាមជាប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសពិតជាមានមោទកភាព ចំពោះការទទួលស្គាល់ របស់រដ្ឋបាល នៃទីក្រុងខិនសហរដ្ឋអាមេរិក ក៏ដូចជាអបអរដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងយុទ្ធសាស្រ្តឈ្នះឈ្នះ​ ដឹកនាំប្រទេសជាតិ ឲ្យមានភាពរីកចំរើន មានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រជាជនបានរស់នៅ​ ដោយមានសេចក្ដីសុខ​ សន្តិភាពមកដល់សព្វថ្ងៃនេះ ៕

To Top