បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្តេជ្ញាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសៅរ៍ថា អង់គ្លេសនឹងផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវរថក្រោះ Challenger 2។ ការបញ្ជាក់នេះនឹងធ្វើឱ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសដំបូងគេ ដែលដឹកជញ្ជូនរថក្រោះ ផលិតដោយលោកខាងលិចទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទនេះ លោក Sunak និង លោក Zelensky បានព្រមព្រៀងគ្នា “លើតម្រូវការក្នុងការចាប់យកនៅពេលនេះ ជាមួយនឹងការបង្កើនល្បឿននៃការគាំទ្រ ផ្នែកយោធាសកល និងការទូតដល់អ៊ុយក្រែន” ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងឡុងដ៍នឹងផ្តល់ “រថក្រោះ Challenger 2 និងប្រព័ន្ធកាំភ្លើងធំបន្ថែម” ដល់ទីក្រុងគៀវ។ មេដឹកនាំទាំងពីរ ក៏បានស្វាគមន៍ផងដែរចំពោះ “ការប្តេជ្ញាចិត្តនេះ” ដែលធ្វើឡើងដោយប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាប្រទេសប៉ូឡូញ។
កាលពីថ្ងៃសុក្រ កាសែត The Guardian ដោយដកស្រង់ប្រភពរបស់អ៊ុយក្រែន បានរាយការណ៍ថា វិមាន Downing Street កំពុងរៀបចំចេញសេចក្តីប្រកាសជាផ្លូវការ នៅថ្ងៃច័ន្ទអំពីផែនការចែកចាយរថក្រោះ៕ ប្រែសម្រួលៈ ណៃ តុលា