ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ចោទប្រកាន់អាមេរិកថា បំភ្លៃបញ្ហាសិទ្ធិមនុស្ស ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន

ការ៉ាកាស៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបំភ្លៃបញ្ហាសិទ្ធិមនុស្សនៅវ៉េណេស៊ុយអេឡា សម្រាប់ការបញ្ចប់នយោបាយរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Gil បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “តាមរយៈការនិទានរឿងបំភ្លៃ សហរដ្ឋអាមេរិក មានគោលបំណងធ្វើឱ្យការ ប្រើប្រាស់នយោបាយ នៃសិទ្ធិមនុស្ស ដើម្បីដោះសារអំពើហឹង្សានយោបាយ ដែលខ្លួនបានលើកទឹកចិត្តប្រឆាំង នឹងវេណេស៊ុយអេឡា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ។

លោកបានបន្ថែមថា “ប្រជាជនវេណេស៊ុយអេឡា បានយកឈ្នះលើអំពើហិង្សា ហើយនឹងបន្តកម្ចាត់រាល់ការវាយប្រហារទាំងអស់”។ សេចក្តីថ្លែងការណ៍របស់លោក Gil គឺឆ្លើយតបទៅនឹងការចោទប្រកាន់ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលថា វេណេស៊ុយអេឡា បានរំលោភសិទ្ធិមនុស្សរបស់ស្ត្រី ដែលត្រូវបានជាប់ពន្ធនាគារ។

នៅថ្ងៃទី១៦ ខែមករា លោក Gil ក៏បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ខ្លួននឹងបន្តដាក់ទណ្ឌកម្ម ឬវិធានការបង្ខិតបង្ខំឯកតោភាគី ប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូង។

រដ្ឋមន្ត្រី​ការបរទេស​វេណេស៊ុយអេឡា បាន​ពណ៌នា​ទណ្ឌកម្ម​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ បំពាន​ច្បាប់​អន្តរជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top