បរទេស ៖ ក្រុមហ៊ុនផលិតអាវុធរបស់អាល្លឺម៉ង់ Rheinmetall បានបង្ហាញថា ខ្លួនអាចផ្តល់នូវ រថក្រោះ Leopard ជាងមួយរយគ្រឿង នៃរថក្រោះដែលជាការកែប្រែផ្សេងៗ សម្រាប់អ៊ុយក្រែនក្នុង រយៈពេលមួយឆ្នាំខាងមុខនេះទៀត ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាមានសម្ពាធកើនឡើង ក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មិនទាន់បានយល់ព្រមផ្តល់ផ្នែករឹង ដល់ទីក្រុងគៀវនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស លោកស្រី Annalena Baerbock បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងមិនឈរលើផ្លូវរបស់ប្រទេសដទៃ ដែលមានបំណង បរិច្ចាគរថក្រោះ Leopard ផ្ទាល់ខ្លួនរបស់ពួកគេ មួយចំនួននោះទេ ។
ថ្លែងទៅកាន់គេហទំព័រព័ត៌មាន RedaktionsNetzwerk Deutschland (RND) អ្នកនាំពាក្យរបស់ក្រុមហ៊ុន Rheinmetall បាននិយាយថា “ក្នុងចំណោម រថក្រោះ Leopard 2A4 យើងមានរថក្រោះចំនួន ២២ គ្រឿង ដែលយើងអាចធ្វើប្រតិបត្តិការ និងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន”។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវបានគេរំពឹងថា នឹងចំណាយ ពេលប្រហែលមួយឆ្នាំ, នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ។
អ្នកនាំពាក្យបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធ អាល្លឺម៉ង់មានរថក្រោះ Leopard 2A4 ចំនួន ២៩ គ្រឿងបន្ថែមទៀត ដែលកំពុងត្រូវបានជួសជុល ជាផ្នែកនៃកម្មវិធីផ្ទេរអាវុធ របស់ទីក្រុងប៊ែកឡាំងជាមួយប្រទេសអឺរ៉ុបដទៃទៀត។ រថក្រោះទាំងនោះ អាចនឹងដំណើរការនៅខែមេសា ឬឧសភា។
នៅក្រោមច្បាប់របស់អាល្លឺម៉ង់ ប្រតិបត្តិករបរទេស នៃអាវុធដែលផលិតដោយអាល្លឺម៉ង់ ត្រូវដាក់ពាក្យសុំការអនុញ្ញាតពីទីក្រុងប៊ែរឡាំង ប្រសិនបើពួកគេចង់ប្រគល់ វាទៅប្រទេសទីបី ៕
ប្រែសម្រួលៈ ណៃ តុលា