ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន អះអាងថា ឧទ្ធម្ភាគចក្ររុស្ស៊ី ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ ត្រឹមរយៈពេល ៣០នាទី

គៀវ៖ យោធាអ៊ុយក្រែន​ បានឲ្យដឆងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន ៣គ្រឿង ក្នុងរយៈពេល ៣០នាទីក្នុងឱកាសខួប ១១ ខែនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែនបានឲ្យដឹង នៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ឧទ្ធម្ភាគចក្រធុន Ka-52 ចំនួន ៣គ្រឿង ដែលហៅថា “ឧទ្ធម្ភាគចក្រវាយប្រហារទំនើបបំផុត” របស់រុស្ស៊ីនៅក្នុងអត្ថបទរបស់ Forbes ឆ្នាំ២០២០ ត្រូវបានកម្ទេចនៅក្នុងតំបន់ Donetsk ក្នុងរយៈពេលតិចជាង ៣០ នាទី។

កងកម្លាំងអ៊ុយក្រែន ក៏បានកម្ទេចយន្តហោះចម្បាំងរុស្ស៊ី Su-25 មួយគ្រឿងផងដែរ នៅជិតទីក្រុង Bahkmut ដែលកំពុងប្រយុទ្ធ។

ការបង្ហោះបានឲ្យដឹងថា “ក្នុងអំឡុងពេលថ្ងៃទី២៤ ខែមករា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រធុន Ka-52 របស់រុស្ស៊ីចំនួន ៣គ្រឿងក្នុងរយៈពេល ៣០នាទី” ។ “យន្តហោះនេះកំពុងបំពេញបេសកកម្ម នៅតំបន់ជុំវិញ Yevhenivka (ស្រុក Volnovakha តំបន់ Donetsk)។ អ្នកការពារអ៊ុយក្រែនក៏បានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី Su-25 ចំនួន ១គ្រឿងនៅតំបន់ជុំវិញ Bakhmutផងដែរ”។

ឧទ្ធម្ភាគចក្រ​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ​ដោយ​កាំជ្រួច​ ប្រឆាំង​យន្តហោះ​ក្នុង​អំឡុង​ពេល​កន្លះ​ម៉ោង​ដំបូង​ នៃ​ថ្ងៃ​ទី២៤ ខែ​មករា ដែល​ជា​ខួប​គម្រប់ ១១ ខែ​នៃ​សង្គ្រាម នេះ​បើ​តាម​ការ​បង្ហោះ ​របស់​កងទ័ព​អាកាស​អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top