ប៊ែរឡាំង ៖ ទោះបីជាមានបញ្ហាប្រឈម នៃវិបត្តិថាមពលក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់រំពឹងថា វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នឹងត្រូវបានជៀសវាង ដោយបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសពីដក ០,៤ភាគរយទៅបូក ០,២ ភាគរយ។
រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានប្រាប់សន្និសីទសារព័ត៌មានថា “ឥឡូវនេះយើងកំពុងសន្មត់ថា វិបត្តិសេដ្ឋកិច្ចនឹងមានរយៈពេលខ្លី និងស្រាលជាងនេះ ប្រសិនបើវាកើតឡើង”។ លោកបានបន្ថែមថា ប្រទេសអាល្លឺម៉ង់ បានធ្វើឲ្យវិបត្តិនេះ “អាចគ្រប់គ្រងបាន ប៉ុន្តែវាមិនទាន់ចប់នោះទេ”។
អ្នកជំនាញសេដ្ឋកិច្ចប៉ាន់ប្រមាណថា សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានខាតបង់រាប់រយពាន់លានអឺរ៉ូ ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្នុងរយៈពេល ៣ឆ្នាំ វិបត្តិទ្វេរដងទាំងនេះនឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់សរុប ៥៩៥ ពាន់លានអឺរ៉ូ (៦៤៨,៦ពាន់លានដុល្លារអាមេរិក ) ជាតម្លៃបន្ថែមនៅ ចុងឆ្នាំ២០២៣ នេះបើយោងតាមការគណនា ដែលចេញផ្សាយដោយវិទ្យាស្ថាន សេដ្ឋកិច្ចអាល្លឺម៉ង់ (IW) កាលពីថ្ងៃពុធ ។
នៅក្នុងនោះដែរ លោក Michael Groemling សេដ្ឋវិទូរបស់ IW បានឲ្យដឹងថា “ស្ថានភាពវិសាមញ្ញនឹង បន្តជះឥទ្ធិពលដល់យើង និងថ្លឹងថ្លែងលើវិបុលភាព ក្នុងប៉ុន្មានខែខាងមុខនេះ” ៕