វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា នៅប៉ុន្មានថ្ងៃខាងមុខនេះ ចំពេលមានការវាយឆ្មក់របស់អ៊ីស្រាអែល ស្ទើរតែរាល់ថ្ងៃប្រឆាំង នឹងប៉ាឡេស្ទីន និងភាពតានតឹងកើនឡើងជុំវិញ ទីតាំងពិសិដ្ឋក្នុងក្រុងយេរ៉ូសាឡឹម ។
ក្រសួងការបរទេសបានឲ្យដឹងថាលោក Blinken នឹងពិភាក្សាអំពី “អាទិភាពជាសកល និងក្នុងតំបន់” រួមទាំងសង្រ្គាម នៅអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងតំបន់ West Bank ដែលកាន់កាប់ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ។
ការលើកឡើង របស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចូលកាន់តំណែងកាលពីចុងឆ្នាំមុន។ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានលោក Jake Sullivan ក៏បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់ West Bank ដែលកាន់កាប់នៅដើមខែនេះ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយទាំងមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន លេខាធិការនឹងបញ្ជាក់ពីតម្រូវការ បន្ទាន់សម្រាប់ភាគី ដើម្បីចាត់វិធានការកាត់បន្ថយភាពតានតឹង ដើម្បីបញ្ចប់វដ្តនៃអំពើហិង្សា ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ច្រើនពេក” ។
ប្រភពបានឲ្យដឹងថា “លោកក៏នឹងពិភាក្សាអំពីសារៈសំខាន់ នៃការរក្សាឋានៈជាប្រវត្តិសាស្ត្រនៃ Haram al-Sharif/Temple Mount ក្នុងទីក្រុងយេរ៉ូសាឡឹម ទាំងពាក្យសម្ដី និងសកម្មភាព” ។
ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅដើមខែនេះ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលជ្រុលនិយម Itamar Ben-Gvir បានទៅទស្សនាបរិវេណវិហារឥស្លាម Al-Aqsa ក្នុងទង្វើមួយ ដែលត្រូវបានថ្កោលទោសដោយមេដឹកនាំប៉ាឡេស្ទីន និងអារ៉ាប់ថាជា “ការបង្កហេតុ”។
គួរបញ្ជាក់ថា ស្ថានភាពប្រវត្តិសាស្ត្ររក្សាថា ប្រទេសហ្សកដានី ដែលនៅជិតខាងមានការគ្រប់គ្រងលើវិហារ Al-Aqsa ដែលជាកន្លែងសក្ការៈទី៣ របស់សាសនាអ៊ីស្លាម ៕