ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ចេញទៅឥណ្ឌូនេស៊ី ចូលរួមប្រជុំ ACC លើកទី៣២ និងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ការចូលរួមកិច្ចប្រជុំសំខាន់ៗទាំង២ខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត» និង«សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានា នៅក្នុងឆ្នាំ២០២៣ ផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្រ្តីនឹងពិភាក្សាអំពីការបន្តតាមដាន ការងាររបស់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំង « ការពិនិត្យឡើងវិញ និងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់ លើចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន» ព្រមទាំងផ្លាស់ប្តូរទស្សនៈ អំពីទំនាក់ទំនងខាង ក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ «អាស៊ានសំខាន់៖ ចំណុចកណ្តាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុច នៃកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងមានកិច្ចសន្ទនាដាច់ដោយឡែក ជាមួយសមភាគីពីប្រទេសអាស៊ាន មួយចំនួនផងដែរ ៕

To Top