ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក បើកជាថ្មីឡើងវិញ នូវស្ថានទូតដែលបានបិទអស់ រយៈពេល៣០ឆ្នាំនោះ គឺមិនមែនចង់ជួយប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក ដោយចិត្តស្មោះនោះទេ

“សហរដ្ឋអាមេរិក គួរតែបោសសម្អាតគ្រាប់រំសេវ មិនទាន់ផ្ទុះដែលបន្សល់ទុកនៅទីនេះ កាលពីសង្គ្រាមលោកលើកទីពីរ ក្នុងពេលឆាប់ៗទៅ!” ពេលផ្តល់បទសម្ភាសន៍ ជាមួយកាសែត«The Guardian» របស់អង់គ្លេស តាមវិថីនៃក្រុង Honiara រដ្ឋធានីប្រជុំកោះ Solomon ប្រជាជនក្នុងតំបន់ បានថ្លែងដូចពោលខាងលើ ។

ក្នុងប៉ុន្មានថ្ងៃមុនពេលចេញផ្សាយ ដំណឹងនេះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រជុំកោះ Solomon ដែលបានបិទអស់រយៈពេល៣០ឆ្នាំ បានបើកទ្វារជាថ្មីឡើងវិញ ។ ក្រសួងការបរទេសអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ ថា នឹងចាត់បញ្ជូនមន្រ្តីការទូតកាន់តែច្រើន ទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីយកគម្រោងនិងធនធាន របស់អាមេរិកផ្សារភ្ជាប់ជាមួយនឹង តម្រូវការក្នុងតំបន់ ។ ប្រសិនបើសហរដ្ឋអាមេរិកចង់ឆ្លៀតឱកាសនេះ ដើម្បីផ្តល់ជំនួយ ដល់ប្រទេសកោះប៉ាស៊ីហ្វិក យ៉ាងស្មោះស្ម័គ្រ ក៏ដូចជាកកើតទៅជាកម្លាំងរួមអន្តរជាតិ ក្នុងការជំរុញការអភិវឌ្ឍ របស់ប្រទេសកោះ នោះគ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជារឿងល្អមួយ ។ ប៉ុន្តែប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច មិនយល់ឃើញបែបនេះទេ បែរជាសម្គាល់ថា នេះជាវិធានការថ្មីបំផុត របស់ក្រុងវ៉ាស៊ីនតោន ដើម្បី “ទប់ទល់នឹងប្រទេសចិន”និង “ពន្លឿនការរៀបចំចាត់ចែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។

កាលពីខែមេសា ឆ្នាំ២០២២ ចិននិងប្រទេសប្រជុំកោះ Solomon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ដើម្បីជំរុញឱ្យប្រជុំកោះ Solomon មានស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការ ជាប្រក្រតីរវាងប្រទេស មានអធិបតេយ្យភាពទាំងពីរនេះ បានប៉ះពាល់ដល់គោលនយោបាយការទូត របស់អាមេរិក ដូច្នេះ ប្រទេសកោះប៉ាស៊ីហ្វិក ដែលត្រូវគេធ្វេសប្រហែស ជាប់រហូតមកបានចូលក្នុង ចក្ខុវិស័យរបស់ សហរដ្ឋអាមេរិកម្តងទៀត ។

មួយផ្នែក សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានរួមគ្នាលាបពណ៌ លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងចិននិងប្រទេសប្រជុំកោះ Solomon មួយផ្នែកទៀត មន្ត្រីសេតវិមានទទួលបទបញ្ជា ទៅកាន់ប្រជុំកោះ Solomon ដើម្បីទប់ស្កាត់កិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេសប្រជុំកោះ Solomon ។
ក្នុងពេលដំណាលគ្នានេះ សហរដ្ឋអាមេរិកចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់ ជាច្រើនរូប ទៅបំពេញទស្សនកិច្ច នៅប្រទេសកោះប៉ាស៊ីហ្វិក ហើយក្រុងវ៉ាស៊ីនតោន ក៏បានរៀបចំធ្វើកិច្ចប្រជុំកំពូលរវាងអាមេរិក និងប្រទេសកោះប៉ាស៊ីហ្វិក លើកទីមួយ ផងដែរ ។ អ្នកវិភាគបានលើកឡើងថា ឆ្នាំ២០២២ សហរដ្ឋអាមេរិក បានរៀបចំធ្វើសកម្មភាព ការទូតជាច្រើន ចំពោះប្រទេសកោះប៉ាស៊ីហ្វិក ដែលបានបង្ហាញពីភាពបន្ទាន់ និងព្រួយបារម្ភ របស់អាមេរិកក្នុងការអូសទាញ ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ។

កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានម្នាក់ របស់ប្រជុំកោះ Solomon បានចុះផ្សាយអត្ថបទលើកាសែត «The New York Times» ថា គ្រាប់បែកនៃសង្គ្រាមលោកលើកទីពីរ “ជាវត្ថុមិនសូវច្រើនដែលតែងតែនាំឱ្យពួកគេគិតដល់ប្រទេសប៉ែកខាងលិច” ។ អ្នកសារព័ត៌មានរូបនេះ បានថ្លែងថា “ខ្ញុំបានដើរសព្វកោះទាំងអស់ របស់ប្រទេសប្រជុំកោះ Solomon តែមិនដែលឃើញកេរ្តិ៍មរតក អ្វីដែលបន្សល់ទុកពីសហរដ្ឋអាមេរិក នោះទេ ។ ប៉ុន្តែក្រុមហ៊ុនស្ថាបនា របស់ចិន កំពុងធ្វើឱ្យមន្ទីរពេទ្យដ៏សំខាន់ របស់យើងមានភាពប្រសើរឡើង ហើយក៏កំពុងសាងសង់កីឡដ្ឋានមួយដែរ ”។

ភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសនិងប្រទេស ។ បើនិយាយចំពោះប្រទេសកោះប៉ាស៊ីហ្វិក ភារកិច្ចសំខាន់បំផុតគឺការអភិវឌ្ឍ ដូច្នេះ គឺត្រូវការជំនួយដ៏ស្មោះត្រង់ របស់បរទេស តែមិនមែនឱកាសនិយមនោះទេ ។
ពួកគេកាន់តែមិនចង់ក្លាយ ជាកូនអុក និងអ្នកត្រូវពលី ក្នុងការប្រកួតប្រជែងរវាង ប្រទេសធំនោះដែរ ។ រំពឹងថា បន្ទាប់ពីបើកជាថ្មីឡើងវិញនូវស្ថានទូតប្រចាំ នៅប្រទេសប្រជុំកោះ Solomon ដែលបានបិទអស់រយៈពេល៣០ឆ្នាំនោះ សហរដ្ឋអាមេរិកអាចកសាង ការគោរពនិងសមភាពចំពោះប្រទេសកោះប៉ាស៊ីហ្វិក ជាថ្មីឡើងវិញ ៕

To Top