គៀវ៖ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូល អ៊ុយក្រែន-សហភាពអឺរ៉ុប លើកទី២៤ ដែលធ្វើឡើងនៅទីក្រុងគៀវ កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីព្រឹត្តិការណ៍នេះ។
សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ត្រូវបានបោះពុម្ពផ្សាយដោយសេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន។
យោងតាមឯកសារនេះ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យទំនាក់ទំនង របស់ពួកគេកាន់តែស៊ីជម្រៅ និងជំរុញការធ្វើសមាហរណកម្ម បន្ថែមទៀត របស់អ៊ុយក្រែនជាមួយប្លុកនេះ។
ភាគីនានាក៏បានបង្ហាញ ពីចេតនារបស់ពួកគេក្នុងការទាញយក សក្តានុពលពេញលេញ នៃកិច្ចព្រមព្រៀងសមាគម ដែលបានចូលជាធរមានកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងគៀវ និងទីក្រុងព្រុចសែល នឹងសហការក្នុងការអនុវត្ត តំបន់ពាណិជ្ជកម្មសេរីដ៏ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីសម្រួលដល់ការចូល ទៅកាន់ទីផ្សារផ្ទៃក្នុង របស់សហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា