ប៉ារីស៖ ប្រធានាធិបតីបារាំង បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសបារាំង នឹងពិនិត្យមើលលទ្ធភាពនៃការពន្យារអាយុជីវិត របស់ម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរដល់ ៦០ឆ្នាំ និងលើសពីនេះទៅទៀត។
បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា គោលនយោបាយ នុយក្លេអ៊ែរ (CPN) ដែលដឹកនាំដោយប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសុក្រវិមាន Elysee បានឲ្យដឹងថា គោលបំណងនៃការសិក្សានេះ គឺដើម្បីពង្រីកអាយុជីវិតរបស់ម៉ាស៊ីនរ៉េអាក់ទ័រដែលមានស្រាប់ ហើយដោយហេតុនេះដើម្បីផលិត “ថាមពលគ្មានកាបូន និងប្រកួតប្រជែងក្នុងរយៈពេលវែង”។
កាលពីឆ្នាំមុន លោក ម៉ាក្រុង បានប្រកាសពីផែនការ សាងសង់ ម៉ាស៊ីនរ៉េអាក់ទ័រ EPR2 ជំនាន់ថ្មីយ៉ាងហោចណាស់៦ និងដើម្បីស្តារវិស័យនុយក្លេអ៊ែររបស់ប្រទេសឡើងវិញ។ នៅក្នុងកិច្ចប្រជុំថ្ងៃសុក្ររបស់ខ្លួន NPC បានវាយតម្លៃការងាររយៈពេលខ្លី និងរយៈពេលវែងដែលពាក់ព័ន្ធ។
NPC ក៏បានសម្រេចចិត្ត រៀបចំការជជែកដេញដោល ជាសាធារណៈនៅចុងខែកុម្ភៈ លើគម្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ ថ្មីចំនួន៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ
ច្បាប់ថ្មី នឹងបញ្ជាក់ព័ត៌មានលម្អិត នៃការដាក់ដំណើរការ និងការសាងសង់របស់ម៉ាស៊ីនរ៉េអាក់ទ័រ។ វាត្រូវបានគេរំពឹងថានឹងរក្សាការពន្យារពេល រដ្ឋបាលដល់កម្រិតអប្បបរមា និងអនុញ្ញាតឱ្យមានវឌ្ឍនភាព នៅកន្លែងសាងសង់៕
ប្រែសម្រួល ឈូក បូរ៉ា