ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា ចុះហត្ថលេខា លើឯកសារលក្ខខណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែល កម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណ ចំពោះភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា ជាពិសេសលើការកសាងសមត្ថភាព តាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន លើមុខជំនាញជាច្រើន។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរ បានសម្រេចចុះហត្ថលេខា លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត៕

To Top