បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងព្យាយាមយ៉ាងសកម្ម ក្នុងការអូសបន្លាយជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Shoigu ថា ដើម្បីធានាថាការប្រយុទ្ធគ្នានៅតែបន្ត លោកខាងលិចបានចាប់ផ្តើម ផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ខណៈពេលដែលជំរុញទីក្រុងគៀវ ឱ្យដណ្តើមយកទឹកដីរុស្ស៊ីដោយបើកចំហ ដោយលោកបានព្រមានថា “ចលនាបែបនេះគឺជាការអូសទាញ ប្រទេសណាតូទៅក្នុងជម្លោះ ហើយអាចនាំទៅរកការមិនអាច ទាយទុកជាមុនបានពីការកើនឡើងជម្លោះ។
កាលពីខែមុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរដ្ឋមួយចំនួនទៀតរបស់ អង្គការណាតូបានប្រកាសថា ពួកគេនឹងផ្គត់ផ្គង់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធសំខាន់ៗទំនើបៗដូចជា Leopard 2 និង M1 Abrams ជាដើម។ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួននឹងផ្គត់ផ្គង់ឱ្យអ៊ុយក្រែន នូវគ្រាប់បែកអង្កត់ផ្ចិតតូច (GLSDB) ស្រដៀងមីស៊ីល ដែលបាញ់បានរយៈចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំង របស់អ៊ុយក្រែនវាយប្រហារ គោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា