បរទេស៖ កាសែតអង់គ្លេសមួយ បានរាយការណ៍ដោយដកស្រង់ ប្រភពពីខាងការពារជាតិ អ៊ុយក្រែនថា យោធាអ៊ុយក្រែនត្រៀមប្រើមីស៊ីល រយៈចម្ងាយឆ្ងាយ របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហារទៅលើ តំបន់គ្រីមៀ ប្រសិនបើទាំងនេះត្រូវបានផ្តល់ ជាជំនួយយោធា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងអំឡុងសុន្ទរកថាក្នុងសភាចក្រភពអង់គ្លេស បានស្នើឱ្យអង់គ្លេស ផ្គត់ផ្គង់យន្តហោះចម្បាំងដល់ទីក្រុងគៀវ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ក៏បាននិយាយផងដែរថា លោកបាននិយាយជាមួយ Zelensky កាលពីថ្ងៃពុធ ក្នុងចំណោមរឿងផ្សេងទៀត អំពីការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយជាងដល់ទីក្រុងគៀវ នៅពេលបច្ចុប្បន្ន។
ប្រភពការពារជាតិអ៊ុយក្រែន បានបញ្ជាក់ប្រាប់កាសែតថា រដ្ឋាភិបាលទីក្រុងគៀវ នឹងប្រើមីស៊ីល ដើម្បីវាយប្រហារទៅលើតំបន់គ្រីមៀ បន្ទាប់ពីមានការព្រមានពីលោក Zelensky ថា អាវុធរយៈចម្ងាយឆ្ងាយពីសម្ព័ន្ធមិត្តលោកខាងលិច នឹងវាយប្រហារ «ជ្រៅក្នុងទឹកដីដែលកាន់កាប់»។
យោងតាមរបាយការណ៍ ការពិភាក្សាកំពុងប្រព្រឹត្តទៅថាតើជំនួយយោធា បន្ថែមរបស់ទីក្រុងឡុងដ៍ ដល់ទីក្រុងគៀវ គួរតែរួមបញ្ចូលមីស៊ីល ប្រឆាំងនាវា Harpoon និងមីស៊ីល Storm Shadow ពីដីទៅអាកាស។ មីស៊ីលប្រភេទ Harpoon មានរយៈចម្ងាយរហូតដល់ ១៥០ ម៉ាយ ហើយមីស៊ីល Storm Shadow អាចវាយប្រហារគោលដៅនៅចម្ងាយរហូតដល់ ៣៥០ ម៉ាយ៕
ប្រែសម្រួលៈ ណៃ តុលា