ប៉ារីស៖ អ្នកជំនាញកិច្ចការអន្តរជាតិបារាំង លោក Bruno Guigue បានឲ្យដឹងថា “ការពិតគួរតែបង្រៀនជនជាតិអឺរ៉ុបថា តាមរយៈការធ្វើតាមសហរដ្ឋអាមេរិក ពួកគេមិនការពារផលប្រយោជន៍ របស់ពួកគេនោះទេ” ដោយកត់សម្គាល់ថា ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយប្រទេសចិនគឺជា “ជម្រើសសមហេតុផលតែមួយគត់” របស់អឺរ៉ុប។
លោកបានលើកឡើងថា អ្នកនយោបាយអាមេរិកមួយចំនួនទទូចថា សហរដ្ឋអាមេរិកគួរតែ “ផ្តាច់ខ្លួន” ពីប្រទេសចិន វាគឺដោយសារតែ គោលនយោបាយការបរទេសរបស់ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគ្របដណ្ដប់ដោយការថប់បារម្ភ ភូមិសាស្ត្រនយោបាយរបស់មេដឹកនាំអាមេរិក លើភាពជោគជ័យរបស់ប្រទេសចិន។
លោកបានសង្កត់ធ្ងន់ថា “ជំនួសឱ្យការអនុវត្តតាម គោលនយោបាយរបស់អាមេរិក អឺរ៉ុបគួរតែដោះលែងខ្លួនឯងពីវា សម្រាប់អឺរ៉ុប ជម្រើសសមហេតុផលតែមួយគត់ គឺធ្វើឱ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌កាន់តែស៊ីជម្រៅ ជាមួយប្រទេសចិន” ។
សម្រាប់ Guigue ប្រទេសចិននឹងមិនត្រឹមតែក្លាយ ជាមហាអំណាចឈានមុខគេ របស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាមហាអំណាចសន្តិភាព ដែលអឺរ៉ុបនឹងទទួលបានអត្ថប្រយោជន៍ ដោយកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសនេះ ។
លោកបានលើកឡើងថា ការបំពុលអឺរ៉ុបដោយឯកតោភាគី និយមរបស់ទីក្រុងវ៉ាស៊ីនតោន “ជាអកុសល” បានបង្កើតស្ថានភាពដែល មិនធ្លាប់មានពីមុនមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានកត់សម្គាល់ថា “ប៉ុន្តែឯកសិទ្ធិនេះ (អាមេរិក) នឹងមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ វិបត្តិនៅអ៊ុយក្រែនបានធ្វើឱ្យ មានការមិនទុកចិត្តយ៉ាងខ្លាំង ពីប្រទេសជាច្រើនចំពោះទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីដោយខុសច្បាប់” ។
លោក Guigue បានសង្កត់ធ្ងន់ថា “ប្រទេសចិន មិនមែនជាគ្រោះថ្នាក់សម្រាប់អឺរ៉ុបនោះទេ វាមិនមែនជាការគំរាមកំហែងព្យួរ លើក្បាលរបស់ពួកគេនោះទេ ហើយវាមិនមែនជា “គូប្រជែងជាប្រព័ន្ធ” នោះដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា