ព័ត៌មានជាតិ

ឆ្នាំ២០២២ តភ្ជាប់បណ្តាញអគ្គិសនីឲ្យអ្នកប្រើប្រាស់ បានជាង៣លានទីតាំង

ភ្នំពេញ ៖ នៅឆ្នាំ២០២២ ការភ្ជាប់បណ្តាញអគ្គិសនី ឲ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី ៣,៣១៣,៦៩៧ទីតាំង នៅចុងឆ្នាំ២០២១ មក៣,៥៣៣,៩៣៥ទីតាំងនៅចុងឆ្នាំ២០២២ ។

នេះបើតាមរបាយការណ៍អានដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងពិធីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នាថ្ងៃ១៥ កុម្ភៈ។

លោកបានឲ្យដឹងបន្តតាមរយៈរបាយការណ៍ខាងលើនោះទៀតថា ក្នុងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនី រួចចំនួន៣,៥៣៣,៩៣៥ទីតាំងនេះ មានលំនៅឋានចំនួន ៣,២៨២,៧០៣កន្លែង, ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈ ចំនួន ២២៣,១៣០កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មធុនធំ និងធុនមធ្យមចំនួន២១,៨៩៥ កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មដែលប្រើប្រាស់ថ្លៃអគ្គិសនី តាមពេលវេលាចំនួន ៣២កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៦,១៧៥កន្លែង ។ យោងតាមស្ថិតិនេះ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន ៣,២៨២,៧០៣ ស្មើនឹង ៨៨.៤១% នៃលំនៅឋានសរុប។

សម្រាប់ការភ្ជាប់ចរន្តឲ្យបន្ទប់ជួល ផ្ទះជួល និងតូបលក់ដូរក្នុងផ្សារ គិតមកដល់ចុងឆ្នាំ២០២២ អគ្គិសនីកម្ពុជាបានភ្ជាប់ចំនួន ៣៤៨,៥៧៧ និងភ្ជាប់ចរន្តឲ្យតូបលក់ដូរនៅតាមផ្សារបានចំនួន៦៥ផ្សារ ស្មើនឹង ៣០,២២០តូប។ ចំពោះតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ការភ្ជាប់ចរន្តឲ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ១៣,៧៣២ និងភ្ជាប់ចរន្តឲ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ២៤៧ផ្សារ ស្មើនឹង ២៣,៣១៦តូប៕

To Top