ព័ត៌មានជាតិ

ខេត្ត៤ទៀត នឹងត្រូវប្រកាសអស់មីន បន្ទាប់ពីកំពង់ចាម ជាខេត្តអស់មីនទី៧ ក្នុងដើមឆ្នាំនេះ

ភ្នំពេញ ៖ ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តអស់មីននៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រាប់ដើមឆ្នាំនេះ ខណៈ៤ខេត្តទៀត នឹងត្រូវប្រកាសជាបន្តបន្ទាប់ថា ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ។

ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតគម្រោងមួយសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” កាលពីឆ្នាំ២០២២ គឺមានខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងត្បូងឃ្មុំ ត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ ។

ក្នុងពិធីប្រកាសខេត្តកំពង់ចាមអស់មីននាថ្ងៃ ១៦ កុម្ភៈ លោក លីធុជ អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងថា អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការបោសសម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន៥ រួមមាន ៖ កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង តាកែវ និងកំពត ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនដំណាក់កាលទី១។

លោកបន្តថា ខេត្តកំពង់ចាម បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង១១ចម្ការមីន។ ដោយឡែក ខេត្តចំនួន៤ទៀត រួមមាន ៖ កំពង់ឆ្នាំង ស្វាយរៀង តាកែវ និងកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ខាងមុខ។


លោកបន្ថែមថា ទោះបីខេត្តកំពង់ចាម ត្រូវបានប្រកាសអស់មីនក៏ពិតមែន តែខេត្តនេះ នៅសល់ផ្ទៃដីសង្ស័យមាន គ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង៦៧គីឡូម៉ែត្រក្រឡា ស្មើនឹង៣៩០ចម្ការគ្រាប់ទៀត ស្ថិតនៅពាសពេញខេត្ត។

បើតាម លោក លីធុជ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាម សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៤០៦ គ្រាប់ មីនប្រឆាំងរថក្រោះ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដទៃទៀត៦៣ ៥៧៤ គ្រាប់ ដោយប្រតិបត្តិករជាតិចំនួន ២ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕

To Top