ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកយោបល់ ឱ្យប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ធ្វើការសម្របសម្រួល ចុះបញ្ជីក្បាច់គុណប្រដាល់រួមគ្នា ក្នុងក្របខណ្ឌបេតិកភណ្ឌអរូបី នៅអង្គការយូនីស្កូ ដើម្បីចៀសវាងទំនាស់ ដណ្ដើមគ្នាធ្វើជាម្ចាស់។
ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនីជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការដណ្ដើមគ្នា អំពីបញ្ហាធ្វើជាកម្មសិទ្ធិ រឿងនេះជារឿង ដែលមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយ រវាងក្បាច់គុណខ្មែរ និងក្បាច់គុនថៃ ឡាវ និងមីយ៉ាន់ម៉ា ក៏មានដែរ។
សម្ដេចតេជោ បញ្ជាក់ថា «យើងច្បាស់ជាដឹងថា នៅតាមប្រាសាទរបស់យើង ពិតជាមាននៅក្បាច់គុននោះ ពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនា ជាមួយបណ្ដាប្រទេស ដែលជាប់ពាក់ព័ន្ធ ដូចជាកន្លងទៅ ខ្ញុំក៏មានការសន្ទនាជា មួយនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីឡាវ។ តើយើងអាចនឹងពិភាក្សាសម្របសម្រួលគ្នាបានទេ! ឧទារហរណ៍យើងអាចចុះបញ្ជីរួមគ្នា នៅក្នុងក្របខ័ណបេយតិកភ័ណ្ឌអរូបី នៅអង្គការយូនីស្កូ»។
សម្ដេចតេជោ បន្ដថា «ដែលកន្លងទៅ ការទាញព្រ័ត្រយើងបានចុះបញ្ជីរួមគ្នា ។ ពេលដែលមកប្រកួតនៅកម្ពុជា យើងហៅឈ្មោះថា គុនខ្មែរ ពេលដែលប្រកួតនៅថៃ ហៅថា Muy Thai ពេលដែលប្រកួតនៅប្រទេសឡាវ ហៅថា គុនឡាវ ឬមីយ៉ាន់ម៉ា ហៅតាមប្រទេសទៅ»។
សម្តេចតេជោ ឧទាហរណ៍របាំអប្សរា ចាប៉ីដងវែង ល្បុកតោជ ជាដើម បានចុះបញ្ជីអស់ហើយ ។ សម្ដេច បន្តថាដូច ជាសង្ក្រាន្តគឺអាចចុះបញ្ជីរួមគ្នា ហើយធ្វើនៅតាមប្រទេស នីមួយៗទៅក៏បានដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “យើង មានរបស់យើង។ គេមានរបស់គេ ។ បញ្ហាសង្ក្រាន្ត ក៏ដូចគ្នា។ សង្ក្រាន្ត តើយើងអាចចុះបញ្ជីរួមគ្នា បានទេ រវាង ខ្មែរ ថៃ ឡាវ និងមីយ៉ាន់ម៉ា? ដល់ពេល ចូលឆ្នាំ យើងចូលរៀងៗខ្លួន។ នេះគ្រាន់តែជាគំនិតផ្តួចផ្តើម ដើម្បី កុំ ឱ្យ មាន បញ្ហា ដណ្តើម គ្នា តែក៏មាន បញ្ហា ខ្លះ ដែលយើងមិនអាចទៅចុះបញ្ជីរួមទេ ដូចជា អប្សរា ល្បុកត្តោជាដើម”។
សម្តេចតេជោ បន្តថា «ដោយសារតែប្រទេសជិតខាងគ្នា និងធ្លាប់ជាអតីត ទឹកដីរបស់ប្រទេស យើង។ ដូចជា នៅថៃ ទឹកដី ១ផ្នែក ជាអតីត របស់ឡាវ។ នៅថៃ ទឹកដី ១ផ្នែក ក៏ ជាអតីតទឹកដីរបស់ខ្មែរ។ កន្លងមក សម្ដេច បានពិភាក្សា ជាមួយ នាយករដ្ឋមន្ត្រីថៃ ហើយទៅឡាវ ខ្ញុំក៏បានពិភាក្សាជាមួយ ឡាវរួចហើយ ។ បើរកការសម្របសម្រួលបាន ថ្ងៃក្រោយ ក្បាច់គុននេះ អាចចុះបញ្ជី ហើយចុះក្នុងកីឡាអូឡាំពិក។ បើប្រកួតនៅកម្ពុជា ហៅថា គុនខ្មែរ។ នៅថៃ ហៅថា មួយថៃ។ នៅឡាវ ហៅថា ក្បាច់គុនឡាវ។ នៅមីយ៉ាន់ម៉ា ហៅថា ក្បាច់គុនមីយ៉ាន់ម៉ា៕