បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសវេណេស៊ុយអេឡា កាលពីអំឡុងពេលនៃកិច្ចប្រជុលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងដោយបង្ហាញ អំពីតួលេខខាតបង់របស់សេដ្ឋកិច្ចជាតិ សរុបដោយសារតែទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មកទល់ពេលនេះទណ្ឌកម្ម របស់មហាអំណាចអាមេរិក បានធ្វើឲ្យវេណេស៊ុយអេឡាខាតបង់ប្រាក់ រហូតទៅដល់២៣២ពាន់លានដុល្លារ ហើយវាគឺជាវិធានការបង្ខិតបង្ខំឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក គឺជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ផងទាំងដែលវេណេស៊ុយអេឡា ធ្លាប់បានធ្វើការថ្កោលទោសជាច្រើនដង ហើយចុងក្រោយ គឺកាលពីបីឆ្នាំមុន នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិផង។
លោករដ្ឋមន្ត្រី Yvan Gil បានពោលបែបនេះទៅកាន់ក្រុមប្រឹក្សាសិទ្ធមនុស្សថា៖ ប្រទេសរបស់ខ្ញុំគឺជាគោលដៅ នៃវិធានការបង្ខិតបង្ខំដោយឯកតោភាគីចំនួន ៩២៧ ដែលទាំងនោះសុទ្ធតែជាបទប្បញ្ញត្តិព្រហ្មទណ្ឌ និងខុសច្បាប់ ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ដោយអាមេរិកនិងលោកខាងលិច។
ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី បានពោលទៀតដែរថា៖ វេណេស៊ុអេឡា នឹងបន្តពង្រឹងឲ្យបាននូវសិទ្ធិមនុស្ស នៅទាំងប្រទេស ប៉ុន្តែក៏ចង់ឲ្យមាននូវការគោរព គោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់រដ្ឋផងដែរ៕ ប្រែសម្រួល៖ស៊ុនលី