ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមុខច្រាលចោល នូវការអំពាវនាវ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានបង្ហោះសារ ក្នុងចេតនាញុះញង់បំបែកបំបាក់ជាតិ។
ការចេញមុខច្រានចោលនេះធ្វើឡើងបន្ទាប់ពី ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានធ្វើការបង្ហោះសារថា ក្នុងន័យញុះញង់ថា «ប្រជារាស្ត្រខ្មែរ ដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញលោក ទៀ សីហា, លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌»។
មិនបង្អង់យូរ នៅលើគណនីហ្វេសប៊ុក សម្ដេចទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា “សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ»។
សម្ដេច ទៀ បាញ់ បញ្ជាក់ថា សម្ដេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
សម្ដេចបន្ថែម ថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិ មិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះសម្ដេច ទៀ បាញ់ បាន អំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត”៕