ព័ត៌មានជាតិ

រដ្ឋបាល ខេត្តស្វាយរៀង គាំទ្រ ចំពោះម្ចាស់អាជីវកម្ម មានបំណងប្រកបរបរ រកស៊ីទូកបណ្ដែតទឹក នៅទន្លេវ៉ៃគូ

ស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង បានថ្លែងថា សូមគាំទ្រ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចង់ ប្រកបរបររកស៊ីទូកទេសចរណ៍ បណ្ដែតទឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលជាការរួមចំណែក ក្នុងការលើកស្ទួយទេសចរណ៍ខេត្ត ឲ្យកាន់តែមានភាព ទាក់ទាញថែមទៀត ។

ការថ្លែងបែបនេះរបស់ លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើង ខណៈដែលលោកតំណាង អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធការស្នើសុំប្រកបអាជីវកម្ម ទូកទេសចរណ៍បណ្ដែត លើផ្ទៃទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធានមន្ទីរ ទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរ បរិស្ថានខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអនុប្រធានមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត និងម្ចាស់អាជីវកម្ម ។

លោកហែម ពិសិដ្ឋ បានថ្លែងនូវការអរគុណ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងផ្តួចឡើង ឱ្យមានទូកទេចរណ៍ បណ្តែតទឹកនៅទន្លេវ៉ៃគោនេះ​ ដែលសព្វថ្ងៃក្រោម ការដឹកនាំរបស់លោកម៉ែន វិបុល ជាអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ជាពិសេសយើងមានច្រាំង តាបុលទន្លេវៃគោ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្ត ជាពិសេសគឺបានបង្កើតកន្លែង ហាត់ប្រាណដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្រុងស្វាយរៀង ផងដែរ។

លោកបានណែនាំដល់មន្ទីរពាក់ព័ន្ធ  និងក្រុមហ៊ុន ដែលជាម្ចាស់ទូក  ត្រូវធ្វើយ៉ាងណាសិក្សាឲ្យបានច្បាស់លាស់ទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់  សុវត្ថិភាព  អនាម័យ  សោភ័ណ្ឌភាព  និងតម្លៃសមរម្យសម្រាប់ បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ជាពិសេសមន្ទីរទេសចរ សូមជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយអំពីតំបន់ ទេសចរណ៍នានាជុំវិញខេត្ត ជូនដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក នឹងក្រៅស្រុក ដើម្បីមកលេងកម្សាន្តអោយបានកាន់ តែច្រើកុះករបន្ថែមទៀត៕

To Top