ម៉ូស្គូ៖ ជនជាតិរុស្ស៊ីបានថ្លឹងថ្លែងលើការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ពលរដ្ឋរុស្ស៊ី ត្រូវបានសាកសួរដោយវិទ្យុ Echo កាលពីថ្ងៃសៅរ៍សម្រាប់ការឆ្លើយតបរបស់ពួកគេ ចំពោះការសម្រេចចិត្តរបស់ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក្នុងប្រទេសហូឡង់ ដោយប្រព័ន្ធផ្សព្វផ្សាយ គឺជាគម្រោង Radio Free Europe/Radio Liberty ដែលផ្សាយជាភាសារុស្សី ក្នុងរដ្ឋ Georgia។
តុលាការ ICC បានសម្រេចកាលពីថ្ងៃសុក្រថា លោកពូទីន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងការលុកលុយពេញប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីជិត ១៣ខែមុន ដោយលើកឡើងពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ វាជាលើកទីមួយដែលដីកាចាប់ខ្លួនត្រូវបានចេញប្រឆាំងនឹងមេដឹកនាំម្នាក់ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងអ៊ុយក្រែនបានចែករំលែកឃ្លីបអ្នកសម្ភាសន៍នៅលើគណនី Twitter របស់លោកនៅថ្ងៃចន្ទនេះថា “យើងនឹងការពារគាត់” ប្រជាជនរុស្ស៊ីមិនជឿថា ពូទីន អាចត្រូវបានចាប់ខ្លួននោះទេ៕ប្រែសម្រួល ឈូក បូរ៉ា