ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិកថា អាមេរិកត្រូវតែបារម្ភអំពីការគំរាមកំហែងនៃអាវុធលឿនជាងសំឡេងរបស់ចិន ខណៈដែលការធ្វើតេស្តរបស់អាមេរិក បរាជ័យជាបន្តបន្ទាប់

បរទេស៖ ថ្មីៗនេះ កងទ័ពអាកាសអាមេរិក បានធ្វើតេស្តអាវុធដែលមានល្បឿនលឿនជាងសំឡេងចំនួនពីរ។

ទោះបីលើកទីមួយត្រូវបានប្រកាសថាជោគជ័យក៏ដោយ ប៉ុន្តែលទ្ធផលពេញលេញនៃលើកទី ២ នៅតែមិនច្បាស់លាស់។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពអាវុធល្បឿនលឿនជាងសំឡេងរបស់អាមេរិកជាថ្មីម្តងទៀតបានក្លាយជាចំណុចព្រួយបារម្ភសម្រាប់សមាជិកសភាអាមេរិក ខណៈដែលតំណាងសភាអាមេរិកលោក Doug Lamborn បានអះអាងកាលពីថ្ងៃសុក្រថា អាវុធល្បឿនលឿនជាងសំឡេងរបស់ទីក្រុងប៉េកាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោកបាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ CSIS ក្នុងទីក្រុង Washington ដោយលោកបានមានប្រសាសន៍ថា “មានរឿងដែលយើងត្រូវព្រួយបារម្ភ៖ ហិរញ្ញវត្ថុ ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការរីកចម្រើននៅក្នុងផ្នែកដូចជាការគំរាមកំហែងខ្លាំងដោយអាវុធដែលមានល្បឿនលឿនជាងសំឡេង ជាពិសេសពីប្រទេសចិន” ។

លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមានបច្ចេកវិទ្យា ដែលអាចប្រើបានក្នុងទិដ្ឋភាពនេះដើម្បីស្មើនឹងសមភាគីរបស់ខ្លួននៅឡើយទេ។

សហរដ្ឋអាមេរិកបាននឹងកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អាវុធដែលមានល្បឿនលឿនជាងសំឡេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែលទ្ធផលនៅតែមានចម្ងល់ ដោយនៅឆ្នាំ ២០២១ កម្មវិធីសាកល្បងបានបញ្ចប់ ដោយការបរាជ័យបីលើកជាប់ៗគ្នា បន្ទាប់មកនៅដើមឆ្នាំ ២០២២ មូលនិធិរបស់វាត្រូវបានកាត់បន្ថយពាក់កណ្តាលពី ១៦១ លានដុល្លារសម្រាប់ការទិញគំរូថ្មីដល់ ៨០ លានដុល្លារ។ ក្នុងពេលនោះ របាយការណ៍បានបង្ហាញថា អាមេរិកកំពុងដើរយឺតជាងរុស្ស៊ី និងចិននៅពេលដែលនិយាយអំពីបញ្ហានេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top