ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី និងអាមេរិកបន្តពិភាក្សា លើបញ្ហាចាប់ខ្លួន អ្នកកាសែត WSJ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Lavrov កាលពីអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋមន្ត្រី ការបរទេស អាមេរិកលោក Antony Blinken ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន គួរតែគោរព ចំពោះការសម្រេចចិត្ត របស់អជ្ញាធររុស្សី ក៏ដូចជាច្បាប់គ្រប់គ្រងប្រទេស និងកាតព្វកិច្ចអន្តរជាតិ នៅក្នុងប្រទេសរុស្សីផងដែរ។

កិច្ចពិភាក្សាគ្នា ដែលត្រូវបានធ្វើឡើង តាមរយៈការសន្ទនា តាមទូរស័ព្ទនេះ បើយោងតាមការចេញផ្សាយដោយ RT ហើយបញ្ជាក់ថា ប្រធានបទសំខាន់ ដែលយកមកពិភាក្សានោះ គឺជាការចាប់ខ្លួនអ្នកកាសែត The Wall Street Journal (WSJ) លោក Evan Gershkovich កាលពីដើមសប្តាហ៍កន្លងមកនោះ ។

លោក Lavrov បានបញ្ជាក់ប្រាប់លោក Blinken សាជាថ្មីការចាប់ខ្លួន ត្រូវបានធ្វើឡើងក្នុងគ្រា ដែលបុរសជាអ្នកឆ្លើយឆ្លងកាសែត រូបនេះមានឯកសារសំងាត់ៗជាច្រើននៅ ក្នុងដៃស្រាប់ ឬហៅថាជាករណី Caught red handed ហើយរុស្សីបានធ្វើការងារទៅ តាមដំណើរការជាជំហានៗ ស្របទៅតាមច្បាប់ទាំងអស់។

លោករដ្ឋមន្ត្រីរុស្សី បានបន្តទៀតថា រុស្សីនឹងមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប៉ុនប៉ងនិងព្យាយាម របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងក៏ដូចជាបណ្តាញ សារព័ត៌មាន របស់អាមេរិកដែលឃោសនាបំផ្លើសការពិត និងទាញវាទៅជាការរកផលចំណេញ បែបនយោបាយទៅវិញនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top