ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើង ក្នុងគោលដៅបន្តបង្កើន ការយល់ដឹងរបស់សាធារណជន អំពីផលវិបាក នៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងបរិភោគសាច់សត្វព្រៃ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យ នៅទីខេត្តពោធិ៍សាត់ នឹងចាប់នៅថ្ងៃទី៧ មេសា ក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរី កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ។ ខេត្តទាំង ៦ នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំនិងជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗ ជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។
លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យ រៀបចំឡើង ក្នុងគោលដៅបន្តបង្កើនការយល់ដឹង របស់សាធារណជនអំពីផលវិបាក នៃការដាក់អន្ទាក់ សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ ធនធានធម្មជាតិផងដែរ ។ យុទ្ធនាការ ក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ អំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព»។
សូមរំលឹកថា ខេត្តពោធិ៍សាត់ មានតំបន់ការ ពារធម្មជាតិចំនួន ៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា៕